(ប៉េកាំង)៖ ស្ថានការណ៍​កាន់តែមានភាពតាន​តឹងឡើង ខណៈទីក្រុងប៉េកាំង បានប្តេជ្ញាថា នឹងចាត់វិធានការតឹងរ៉ឹងវាយបកទៅវិញ ប្រសិន​បើ​​សហរដ្ឋអាមេរិក ហ៊ានបង្កើនពន្ធ​លើផលិតផលនាំចូលចិន​ទំហំ ២០០ពាន់លានដុល្លារ ថែមទៀត ដូចលោក ដូណាល់ ត្រាំ បានគំរាម​​នាដើម​​សប្តាហ៍នេះ​​មែន​នោះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយសារ​ព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បានចេញសេចក្តី​ថ្លែងការណ៍បញ្ជាក់ថា «ប្រសិនបើភាគី​អាមេរិក បាត់បង់សតិ​របស់ខ្លួន​មែនទែន​ហើយនោះ រួចដាក់​​ចេញនូវបញ្ជី​ថ្មីមួយទៀត​ ដែល​រាយមុខទំនិញចិនដែលត្រូវរងការបង្កើន​ពន្ធនាំចូល នោះភាគីចិននឹង​ត្រូវបង្ខំចិត្តឲ្យ​ចាត់វិធានការ​គ្រប់ជ្រុងជ្រោយ និង​ផ្តល់​ការឆ្លើយតប​ដែលតឹងរ៉ឹង​បកត្រឡប់​ទៅ​វិញ»

នាដើម​សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានបង្គាប់មន្រ្តី​តំណាងពាណិជ្ជកម្ម​អាមេរិក លោក រ៉ូប៊ឺត ឡៃត៍ហៃស៊ឺ (Robert Lighthizer) ឲ្យ​​​​កំណត់ទំនិញ​ចិន​ គិតជាទឹកប្រាក់​ប្រមាណ ២០០ពាន់លានដុល្លារ ដែលជា​ការ​បង្កើន​ពន្ធ​ក្នុងអត្រា ១០ភាគរយ បន្ទាប់ពីខ្លួនលោក​​កាល​​ពី​ថ្ងៃ​សុក្រ​កន្លងទៅ ទើបតែបាន​ប្រកាសដំឡើង​ពន្ធ ២៥ភាគរយ​ លើផលិតផល​នាំចូលចិន មានទំហំជាទឹក​ប្រាក់ ៥០ពាន់លានដុល្លារ ហើយ​វា​នឹង​ចូល​​ជា​ធរមាន ប្រសិនបើ​ទីក្រុងប៉េកាំងនៅ​តែ​បដិសេធ​​មិនផ្លាស់ប្តូររវិធីសាស្រ្ត​ធ្វើពាណិជ្ជកម្ម​របស់ខ្លួន និងប្រសិន​បើ​ចិន​នៅតែ​​ចង់ចេញ​វិធាន​ការ​​ដំឡើង​​ពន្ធ​​ថ្មី​​​ ដែលជាការតដៃ​មក​​លើ​​ទីក្រុង​វ៉ាស៊ីនតោន​វិញនោះ។

កាលពី​ថ្ងៃសុក្រ​កន្លងទៅ ចិនបានគំរាម​បង្កើនពន្ធនាំចូល​ លើឧស្ម័នធម្មជាតិ និងប្រេងឆៅពីអាមេរិក ខណៈដែលខ្លួន​ត្រូវគេរាយការណ៍​ថា គឺ​ជា​​អតិថិជន​ធំជាងគេរបស់​សហរដ្ឋអាមេរិក។ ក្រោយមក​ទៀតនៅថ្ងៃសៅរ៍នេះ ក្រសួង​ពាណិជ្ជកម្ម បានប្រកាស​ដំឡើងពន្ធដោយពេញ​ថ្លៃ ទៅ​លើរថយន្ត ផលិតផល​ដំណាំ និងស្រារបស់​អាមេរិក ​សរុបជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ក្នុងអត្រា ២៥ភាគរយដូចគ្នា ដែលនឹងចូល​ជា​ធរមាន​នៅថ្ងៃទី២៥ ខែកក្កដា។

គួរជម្រាបថា បញ្ហាវិវាទរវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង​បានចាប់ផ្តើម​ផ្ទុះឡើង​ដំបូងឡើយ ក្រោយពី​លោក ដូណាល់ ត្រាំ ដែលតែង​តែបានសន្យា​កែតម្រូវ បញ្ហាឱនភាព​ពាណិជ្ជកម្ម​របស់អាមេរិកជាមួយចិននោះ កាលពីខែមីនា​កន្លងទៅ បានប្រកាសថា រដ្ឋបាល​របស់លោក ​នឹងចេញការបង្កើន​ពន្ធលើផលិផល​ដែក និងអាលុយ​មីញ៉ូមនាំចូល។ ចំណែក​ទីក្រុងប៉េកាំង ជាការ​ឆ្លើយតប​បានព្រមានថា ខ្លួនក៏នឹងដាក់​ចេញនូវវិធានការ​សងសឹកវិញ​ផងដែរ ប្រឆាំងនឹង​នយោបាយពាណិជ្ជកម្ម​របស់​អាមេរិក៕