(ម៉ុងហ្គោលី)៖ ប្រទេស​ម៉ុងហ្គោលី នឹងបើកការដ្ឋាន​សាងសង់រោងចក្រចម្រាញ់​ប្រេងជាលើក​ដំបូងរបស់ខ្លួន នៅឯភាគអាគ្នេយ៍​នៃខេត្ត ដ័រណូហ្គោវី (Dornogovi) យ៉ាងយូរនៅ​​ក្នុងខែមិថុនានេះ ដែលនឹងជួយជម្រុញ​សេដ្ឋកិច្ចប្រទេស អត់មានព្រំដែន​ជាប់សមុទ្រនេះ កាន់តែខ្លាំង។ នេះបើតាមក្រសួង​ការបរទេស​ម៉ុងហ្គោលី ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ក្រសួង​ការបរទេស​ម៉ុងហ្គោលី បានឱ្យដឹង​ទៀតថា ពិធីបើកការដ្ឋាននេះ​ នឹងត្រូវប្រព្រឹត្តទៅ​នៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ នៅ តំបន់​រដ្ឋបាល អាត្លាន់ហ្ស៊ឺរីសោម (Altanshiree soum) នៃខេត្ត Dornogovi ហើយ​ពិធីនេះ​នឹង​មាន​ការចូលរួម​ដោយផ្ទាល់ ពីនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក យូកណាអា ហ៊ូរែលស៊ូក (Ukhnaa Hurelsukh) និងរដ្ឋមន្ត្រីមហា​ផ្ទៃឥណ្ឌា លោក រ៉ាចណាត ស៊ីង (Rajnath Singh)។ គំរោងនេះ​ទទួលបាន​ហិរញ្ញវត្ថុ តាមរយៈប្រាក់កម្ចី ពីរដ្ឋាភិបាល​ឥណ្ឌា ដែលត្រូវបានប្រកាស​នៅអំឡុងដំណើរ​ទស្សនកិច្ចរបស់​នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មកកាន់ ប្រទេស​ម៉ុងហ្គោលី កាលពី​ឆ្នាំ២០១៥។

គួរបញ្ជាក់ថា រោងចក្រចម្រាញ់​ប្រេងខាងលើ នឹងមានសមត្ថភាព​ចម្រាញ់ប្រេង ១.៥លានតោន​ក្នុងមួយឆ្នាំ ហើយនឹងផលិត​ជាឥន្ធនៈ​បាន ៥៦០,០០០​តោន ព្រមទាំងប្រេង​ម៉ាស៊ូត ៦៧០,០០០តោន និងឧស្ម័នរាវ ១០៧,០០០តោន ក្នុងមួយឆ្នាំ​ផងដែរ។ រោងចក្រនេះ​ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្ដើម​ប្រតិបត្តិការនៅ​ឆ្នាំ២០២២ ជាមួយការរំពឹងថា វានឹងអាចជួយបង្កើន​ផលិតភាព​នៅក្នុងស្រុក ១០ភាគរយ ខណៈបច្ចុប្បន្ន ម៉ុងហ្គោលីនាំចេញ​ប្រេងឆៅទៅកាន់​ប្រទេសចិន និងនាំចូលប្រេង​ឥន្ធនៈពីរុស្ស៊ី​មកវិញ៕