(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់ឲ្យដឹងថា លោកបានឲ្យលេខទូរស័ព្ទមួយខ្សែ ដល់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីអាចទាក់ទងមកកាន់រូបលោកដោយផ្ទាល់បាន ហើយលោកក៏កំពុងគ្រោងនឹងហៅទូរស័ព្ទ​ទៅជជែកជាមួយលោក គីម ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិក បាននិយាយដូច្នេះថា «ខ្ញុំអាចតេទៅគាត់ (លោក គីម​ ជុងអ៊ុន​) បានភ្លាមនៅពេលនេះ... ខ្ញុំបានឲ្យលេខទូរស័ព្ទផ្ទាល់មួយខ្សែទៅគាត់។ គាត់អាចហៅទូរស័ព្ទមកខ្ញុំបានភ្លាម ប្រសិនបើគាត់មាន​បញ្ហាលំបាកអ្វីមួយ។ និយាយរួមយើងមានមធ្យោបាយទាក់ទងគ្នា»។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានបង្ហើបឲ្យដឹងផងដែរថា រូបលោកគ្រោងនឹងទូរស័ព្ទទៅកាន់ លោក គីម ដោយផ្ទាល់តែម្តងនៅថ្ងៃអាទិត្យសប្តាហ៍នេះ។

គួរជម្រាបថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីរូបលោក បានជួបនិងពិភាក្សាទល់មុខគ្នាជាមួយ​​លោក គីម ជុងអ៊ុន នៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលអន្តរជាតិបានមើលឃើញថា ជាភាពវិជ្ជមានធំធេងសម្រាប់អន្តរជាតិ និងលើទីមួយសម្រាប់ប្រវត្តិសាស្ត្ររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក៕