(ប៉េកាំង)៖ មិនអាចបង្អង់យូរនោះឡើយ ក្រសួងពាណិជ្ជកម្មរបស់ចិន នៅយប់ថ្ងៃ​សុក្រ​នេះ បានប្រកាសទៅកាន់សហរដ្ឋអាមេរិកវិញថា នឹងធ្វើការសងសឹកវិញឲ្យបាន​ពេញថ្លៃ​ចំពោះអ្វីដែល​រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលបានតម្លើងពន្ធ ២៥% លើ​ទំនិញរបស់ចិន ដែលគិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារ។ នេះបើតាមការ​ចេញផ្សាយដោយ CNBC នាយប់ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

បន្ថែមពីការប្រកាស​ឆ្លើយតបខ្លាំងៗ​ខាងលើនេះ ក្រសួងពាណិជ្ជកម្ម​ចិន​ក៏បានសង្កត់​ធ្ងន់បន្ថែម​ទៀតដែរថា រាល់លទ្ធផល​ទាំងអស់ ដែលបានកើតចេញពីការចរចា​គ្នាផ្នែក​ពាណិជ្ជកម្ម​រវាងចិន និង​អាមេរិក កាលពីមុនត្រូវលុបចោលទាំង​អស់។

គួរបញ្ជាក់ថា ក្រោយពីការប្រកាស​តម្លើងពន្ធ​លើទំនិញនាំចូលពីចិន​ហើយនោះ ខាងសេតវិមាន​អាមេរិក ក៏បានព្រមាន​ផងដែរថា ពន្ធបន្ថែម​ទៀត ក៏នឹងត្រូវដាក់​ចេញផងដែរ ប្រសិនបើចិន​ហ៊ានសងសឹក។ លោក ដូណាល់ ត្រាំ បានបញ្ជាក់​ឲ្យដឹងថា ពន្ធទាំងឡាយ​ដែលសហរដ្ឋអាមេរិក​​បានដាក់​ចេញពេល​នេះ គឺស្ថិតនៅក្នុងចំណាត់ការ​ទប់ទល់ចំពោះ​ផែនការ «Made in China ឬ ផលិតនៅ​ប្រទេសចិន» ដែលប្រទេស​ចិនចង់ធ្វើឲ្យខ្លួន​ឯង ក្លាយជាអ្នក​នាំមុខគេ និងគ្រប់គ្រង​វិស័យឧស្សាហកម្ម-បច្ចេកវិទ្យាកម្រិត​ខ្ពស់ នៅលើ​ពិភពលោក។

លោក ដូណាល់ ត្រាំ បាន​សង្កត់ធ្ងន់ថា គំរោងរបស់​ចិន​ខាងលើនេះ ពិតជាបង្ក​បញ្ហា​ធំដល់​ការរីកចំរើនសេដ្ឋកិច្ច​របស់អាមេរិក និងបណ្តាប្រទេស​ជាច្រើនទៀត។ ការតម្លើង​ពន្ធខាងលើនេះ គឺ​សហរដ្ឋអាមេរិក​ក៏ចង់បង្ខំឲ្យចិន បញ្ឈប់ការ​អនុវត្តន៍នូវ​ការដោះដូរ​ផ្នែកកម្មសិទ្ធិបញ្ញា​ផងដែរ ដូចជាការសុំ​ឲ្យក្រុមហ៊ុនបរទេស​​ចែក​រំលែក​បច្ចេកវិទ្យា-កម្មសិទ្ធិ​បញ្ញាឲ្យចិន ដើម្បីឲ្យក្រុមហ៊ុន​បរទេស​ទាំងនោះ អាចចូល​ទៅកាន់ទីផ្សារ​ចិនជាដើម៕