(អូស្លូ)៖ ប្រទេសរុស្ស៊ី បានព្រមានធ្ងន់ៗដាក់ន័រវែស បន្ទាប់ពីប្រទេសអឺរ៉ុប​ខាងជើងមួយនេះ បានប្រកាសថាខ្លួន គាំទ្រពេញទំហឹង ចំពោះ​គំនិត​ដែល​​ថា​កង​ម៉ារីន​អាមេរិក​បន្ថែមទៀត អាចមកធ្វើការហ្វឹកហាត់នៅលើទឹកដីរបស់ខ្លួនបាន។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​​ចេញ​ពី​ទីភ្នាក់​ងារ​​ព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

ស្ថានទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីអូស្លូ (Oslo) របស់ប្រទេសន័រវែសបានបង្ហោះសារលើបណ្តាញ Facebook ថា «ទង្វើបែបនេះ នឹងធ្វើឲ្យ​ន័រ​វែស​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន ហើយអាចបង្កើនភាពតានតឹង ព្រមទាំងបណ្តាលនិងការប្រកួតប្រជែងផ្នែកសព្វាវុធ រហូតឈានទៅរកការបង្ក​អស្ថិរ​ភាពស្ថានការណ៍នៅក្នុងតំបន់អឺរ៉ុបខាងជើងថែមទៀត»។ ស្ថានទូតរុស្ស៊ីបានបន្តថា ច្បាស់ណាស់ថា ​ប្រការនេះ ធ្វើឲ្យទីក្រុងម៉ូស្គូយល់​​ឃើញ​ថា ន័រវែសថាពុំមែនមានចេតនាល្អនោះឡើយ ហើយពួកគេនឹងត្រូវប្រឈមនឹងផលវិបាកស័ក្តិសមតបទៅវិញ។

គួរជម្រាបថា នាសប្តាហ៍នេះ ន័រវែសបានប្រកាសគាំទ្រគំនិតដែលថា កងម៉ារីនសរុបប្រមាណ៧០០នាក់របស់អាមេរិក អាចមកធ្វើការហ្វឹក​ហាត់​នៅក្នុងប្រទេសរបស់ខ្លួនបាន សម្រាប់រយៈពេល០៥ឆ្នាំ ខណៈកងម៉ារីនអាមេរិកចំនួន៣៣០នាក់ ​កំពុងហ្វឹកហាត់រួចស្រេចទៅហើយ នៅឯ​មូល​ដ្ឋានទ័ព វេអឺននែស (Vaernes) ភាគកណ្តាលន័រវែស ចាប់តាំងពីឆ្នាំ២០១៧ ហើយនឹងបន្តរហូតដល់ចុងឆ្នាំ២០១៨នេះ៕