(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក​ត្រូវបាន​គេរំពឹងថា នឹងបន្តសង្រ្គាម​ពាណិជ្ជកម្ម​របស់ខ្លួនទៅមុខទៀត តាមរយៈ ការតម្លើងពន្ធ​បន្ថែមនៅថ្ងៃសុក្រ​សប្ដាហ៍នេះ លើការនាំចូល​ផលិត ផលចិន​ដែលមានតម្លៃរាប់ពាន់​លាន​ដុល្លារ៕

២៖ រដ្ឋាភិបាល​ជប៉ុន​កំពុងធ្វើការងារ​ លើការរៀបចំជំនួប​រវាងនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ និងមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយការបង្កើត​លទ្ធភាពមួយ ក្នុងនោះរួមមាន​ទាំងការបំពេញ​ដំណើរទស្សនកិច្ច​របស់លោក អាបេ ទៅកាន់ ទីក្រុង​ព្យុងយ៉ាង នៅអំឡុងខែសីហា​ខាងមុខនេះ៕

៣៖ ក្រុមអ្នកវិទ្យាសាស្រ្ត​នៅប្រទេស​រុស្ស៊ី ត្រូវគេរាយការណ៍​ថា កំពុងធ្វើការ​អភិវឌ្ឍប្រព័ន្ធកាំភ្លើង​ឡាស៊ែរថ្មីមួយ ដែលមាន​សមត្ថភាព​បាញ់កម្ទេច​សំរាមទីអវកាស​នានា ដែលអាចបង្ក​ជាគ្រោះថ្នាក់​ផ្សេងៗ៕

៤៖ ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បានថ្កោលទោស​អ៊ីស្រាអែល​ ជុំវិញការប្រើប្រាស់​កម្លាំងជ្រុសហួសហេតុ​ប្រឆាំងនឹង ជនស៊ីវិល​ប៉ាឡេស្ទីន ហើយបានស្នើ​ឱ្យអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) លោក​ អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ចេញ​អនុសាសន៍មួយ លើយន្ដការណ៍​ការពារអន្តរជាតិ​សម្រាប់ប្រជាជន​ប៉ាឡេស្ទីន៕

៥៖ ឧទ្ធម្ភាគចក្រ​មួយគ្រឿងបាន​ធ្លាក់នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ នៅកណ្តាល​កោះភាគខាងជើង​ នៃប្រទេស​នូវែលសេឡង់ និង​បាន​បណ្តាល​​ឲ្យមនុស្សចំនួន ០៥នាក់ ដែលធ្វើ​ដំណើរនៅ​លើនោះ រងរបួសធ្ងន់ និងស្រាល៕

៦៖ កែវយឺតអវកាស Fermi ដែលសិក្សា​ពីរលកវិទ្យុសកម្ម នៃពន្លឺ Gamma-Ray ដ៏ទំនើបជាងគេ​បំផុតរបស់ទីភ្នាក់ងារ​អវកាស NASA កំពុងអបអរ​​សាទរ​គម្រប់ខួប ១០ឆ្នាំរបស់វា​ស្តីពីការរកឃើញ​ផ្នែកវិទ្យាសាស្រ្ត​នានា៕