(ប៉េកាំង)៖ នៅទីបំផុត​ផ្កាយរណប ដែលនឹងត្រូវប្រើប្រាស់​​សម្រាប់ជាជំនួយដល់ យានរុករក​ឋានព្រះច័ន្ទ Chang'e «ឆាងអឺ» របស់ចិនបានទទួល​ជោគជ័យ ក្នុងការ​ជ្រៀតចូល​តំបន់គោចរ L2 ពីឋានព្រះច័ន្ទនោះ​ហើយ ក្រោយការពីការបាញ់​បង្ហោះវា​ចេញពី​ភពផែនដី កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់ពីរដ្ឋបាលអវកាសជាតិចិន (CNSA) ផ្កាយរណបខាងលើនេះ មានឈ្មោះថា Queqiao (ក្វេកៅ) ឬស្ពាន​ម៉ាកពី (Magpie Bridge) ត្រូវបានបាញ់​បង្ហោះចេញពី​ភពផែនដី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ហើយពេល​នេះ​វាកំពុង​តែនៅតំបន់សំកាំងខ្លួននៅក្នុងរយៈចម្ងាយ ៦៥,០០០គីឡូម៉ែត្រពីឋានព្រះច័ន្ទ (តំបន់ L2 គឺទីតាំង​ដែលព្រះច័ន្ទ​ស្ថិត​នៅ​ ចំណុច​​កណ្តាល​រវាងផែនដី និង ផ្កាយរណប Queqiao) នៅវេលាម៉ោង ១១៖០៦នាទីព្រឹក​​ ថ្ងៃព្រហស្បតិ៍​នេះ​​តែម្តង។

សម្រាប់​ផ្កាយរណប Queqiao នេះផងដែរ គឺជាផ្កាយរណបទីមួយ​សម្រាប់ពិភពលោក នៅក្នុងការគោចរក្នុងរយៈចម្ងាយបែបនេះ ពីឋានព្រះច័ន្ទ ដែលវានឹងត្រួសត្រាយផ្លូវ​សម្រាប់ អូនឆាងអឺ ក្នុងការរុករកឋានព្រះច័ន្ទនៅថ្ងៃអនាគត នៅផ្នែក​មួយចំហៀងទៀត​របស់​ឋានព្រះច័ន្ទ ដែលមនុស្សមិនអាចមើលឃើញពីលើផែនដី ហើយក៏ជាលើកដំបូងផងដែរ​សម្រាប់យាន​រុករកពីផែនដី ទៅកាន់តំបន់ដែលគ្មានយានណាធ្លាប់ចុះចត និងស្រាវជ្រាវ។

បើនិយាយពីឈ្មោះយាន Chang'e វិញ គឺ វាជារឿងព្រេង​និទានដ៏ល្បីល្បាញ​មួយនៅប្រទេសចិន ដែលស្ត្រីមួយ​រូបឈ្មោះ Chang’e (ឆាងអ៊ឺ) បានធ្វើដំណើរ​ទៅរស់​នៅឋាន​ព្រះច័ន្ទ ក្រោយពីនាងបាន​​ផឹកទឹកផ្តាច់និស្ស័យ​ស្នេហ៍ ទើបនាងអាច​ក្លាយជាទេពអប្សរ​ ហោះឡើងទៅ​រស់នៅ​ក្នុងវិមានមួយ​​​​លើឋានព្រះច័ន្ទ ដែល​អាច​​ស្ថិត​នៅ​​ក្បែរ​ប្តី​របស់នាង​ ដែលរស់នៅលើ​ផែនដី​​​នោះ​ជានិច្ច។

ដោយសារតែរឿង​ព្រេងពីបុរាណរាប់ពាន់ឆ្នាំ​នេះឡើយ ទើបជម្រុញ​ឲ្យវិស័យ​អវកាស​ចិន​បច្ចុប្បន្ន មានមហិច្ចតាធំ​ក្នុងការកសាង​វិមានយ៉ាងពិត​ប្រាកដមួយ នៅលើឋាន​ព្រះច័ន្ទ។ នេះបើតាម​ការអះអាងពីរដ្ឋបាល​អវកាស​ជាតិចិន (CNSA)។ ជាក់ស្តែង​គំរោងកសាង​មូលដ្ឋាន​មនុស្ស ដើម្បីស្រាវជ្រាវ​លើព្រះច័ន្ទ ឬក៏អាច​និយាយ​បានថា ជាការដាក់​អាណានិគម​លើព្រះច័ន្ទ ដែលប្រទេសនានា​មានសិទ្ធិ​ផងដែរ។

បើតាមអ្វី​ដែល​បានចេញផ្សាយ​​កន្លងមក រដ្ឋបាល CNSA ចង់ប្រាប់​ទៅកាន់​ប្រជាជនចិន ក៏ដូចជាពិភពលោក​ទាំងមូលថា ក្តីស្រមៃនៃ​រឿងនិទាន​ពីបុរាណ កាន់តែជិត​ក្លាយជាការ​ពិតហើយ ក៏ព្រោះតែ​ប្រទេសចិន​ពេលនេះ កំពុងតែបោះ​ជំហានក្នុងស្រាវជ្រាវ​ទីអវកាស។ មុននឹងធ្វើដាក់​មូលដ្ឋាន​របស់ខ្លួន ដើម្បីបញ្ជូនមនុស្ស​ទៅរស់នៅ​ព្រះច័ន្ទនោះ ចិនត្រូវ​តែសម្រេច​គោលដៅធំ​មួយទៀតសិន នោះគឺស្ថានីយ​អវកាស​ផ្ទាល់ខ្លួន​នៅឆ្នាំ២០២២។

បើតាមអ្វីដែល​ទូរទស្សន៍ចិន CCTV បានចេញ​ផ្សាយនោះ សេចក្តីព្រាង​ដែលត្រូវបាន​លើកឡើង គឺទីភ្នាក់ងារអវកាស​ចិនត្រូវធ្វើការសាងសង់​បន្ទប់ស្នាក់​នៅ និងមន្ទីរ​ពិសោធន៍​វិទ្យាសាស្ត្រ​នៅលើឋាន​ព្រះច័ន្ទ ដែលអាចឲ្យ​ក្រុមអ្នកវិទ្យាសាស្ត្រ​ធ្វើការ​ស្នាក់​នៅ និងស្រាវជ្រាវ​នៅលើផ្ទៃព្រះច័ន្ទ​បាន មុននឹងឈានទៅ​ដល់ការ​បង្កើតវិមាន​ដូចក្តី​ស្រមៃ ហើយប្រាកដ​ណាស់វានឹងចាប់​ផ្តើមនៅ​ឆ្នាំ២០៣០។

ទោះបីជាចិនមាន​មហិច្ចតាធំ​ជាងនេះ គឺការបញ្ជូនយានទៅភពព្រះអង្គារ​ក៏ដោយ ក៏​បេសកកម្មនាំ​មនុស្សទៅ​ឋានព្រះច័ន្ទ នៅតែជាគោល​គំនិតស្នូលដែល​ត្រូវតែសម្រេច​ឲ្យបាន។ ខណៈខ្លួនជា​មហាអំណាចយោធា​លំដាប់ទី ៣ លើលោក​ទៅហើយនោះ ចិនកាលពី​ឆ្នាំ២០១៣ ក៏បានក្លាយជា​ប្រទេសទីបី​ផងដែរ ដែលបាន​បញ្ជូនយានរុករក​ដែលមាន​ឈ្មោះថា Chang’e 3 ទៅចុះចត​លើឋានព្រះច័ន្ទ​ប្រកបដោយ​ជោគជ័យ។

គួរបញ្ជាក់ថា នៅចុង​ឆ្នាំ២០១៨នេះ ចិននឹងធ្វើការបាញ់​បញ្ជូនយានមួយ ទៅចុះចត​នៅផ្នែកមួយ​ចំហៀងទៀត នៃឋាន​ព្រះច័ន្ទ ដែលមនុស្សលើផែនដី​មិនអាចមើលឃើញ ជាលើក​ដំបូង។ ប៉ុន្តែមុននឹងធ្វើបែបនេះ​បាន ចិនក៏គ្រោងធ្វើការបាញ់​បង្ហោះរ៉ុក្កែត​នៅក្នុងខែឧសភា​ខាងមុខ ដោយធ្វើការនាំ​យកផ្កាយរណប​មួយ ទៅកាន់​ទីអវកាស ដើម្បីសម្រួលដល់​ទំនាក់ទំនង​រវាងយាន Chang’e 4 និង យានតូច​នៅជាមួយវា៕