(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលឈាន​ចូលវ័យ ៧២ឆ្នាំ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានត្រឡប់​មកគ្រប់គ្រង​នយោបាយ នៅ​ទីក្រុងវ៉ាស៊ីនតោន​វិញហើយ បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ នៅឯប្រទេសសិង្ហបុរី ដើម្បីបើកកិច្ច​ជំនួបកំពូល​ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

រំលឹកទៅកាលពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៦ លោក ត្រាំ គឺជាបេក្ខភាព​មានវ័យ​ចំណាស់​ជាងគេ​ម្នាក់ ដែលបានជាប់ឆ្នោត​ឡើងកាន់តំណែង​ជាប្រធានាធិបតីអាមេរិក​​ដោយមានអាយុ ៧០ឆ្នាំ បើទោះជាធៀប​ជាមួយ​លោក រ៉ូណាល់ រីហ្គេន (Ronald Reagan) ដែលបានជាប់​ឆ្នោត​អាណត្តិទីពីរនៅ​ឆ្នាំ​១៩៨៤ នៅពេល​មានអាយុ ៧៣ឆ្នាំ​ក៏ដោយ។ សុខភាព​របស់លោក ត្រាំ មានទាំងសុខភាព​ផ្លូវកាយ និងផ្លូវចិត្តបានក្លាយ​ជាប្រធានបទ​ដ៏សំខាន់​ នៅក្នុង​សហរដ្ឋអាមេរិក ក្រោយក្រុម​អ្នកតំណាងរាស្ត្រ​អាមេរិក មកពីគណបក្ស​ប្រជាធិបតេយ្យ ស្នើឱ្យលោកទទួលការត្រួត​ពិនិត្យផ្នែកសុខភាព។

ប៉ុន្តែ​នៅក្នុងការត្រួតពិនិត្យ​សុខភាពកាលពីឆ្នាំ​ខែមករា គ្រូពេទ្យ​ប្រចាំសេតវិមាន​លោក រ៉ុននី ជែកសុន (Ronny Jackson) បានអះអាង​ថា លោក ត្រាំ មានសុខភាពល្អប្រសើរ។ បើងាក​ទៅមើល​នយោបាយ​របស់ លោក ត្រាំ វិញលោក​បានព្យាយាម​ធ្វើទៅតាម​​ការសន្យា​កាលពី​អំឡុងយុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត ដូចជាការ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ, ការកសាង​​ជញ្ជាំងព្រំដែន​​ជាមួយ​មិចស៊ីកូ ដើម្បីរារាំង​ជនចំណាកស្រុក​ខុសច្បាប់, ការដោះស្រាយ​បញ្ហាកូរ៉េខាងជើង និងអង្គុយតុញុំា​អាហារជា​មួយលោក គីម ជុងអ៊ុន និងការបង្កើន​ការងារបន្ថែម​ ជូនពលរដ្ឋអាមេរិក​វិញ​ជាដើម ស្របទៅតាម​ពាក្យ​ស្លោកថា «ធ្វើឲ្យ​អាមេរិក​អស្ចារ្យម្តង​ទៀត ឬ Make Amercia Great Again»