(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេស​​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិក​​សង្ឃឹមថា កូរ៉េខាងជើង​អាច​នឹង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ មុននឹងការបញ្ចប់អាណត្តិ​ដឹកនាំ នៃប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ នៅ​ខែមករា ឆ្នាំ២០២១។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។​

ការថ្លែងបែប​​នេះ​របស់ លោក Pompeo ធ្វើឡើងបន្ទាប់​ពី​ជំនួបជាប្រវត្តិសាស្ត្រ​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​សិង្ហបុរីកាល​ពី​ថ្ងៃអង្គារ​កន្លងទៅ ជាមួយការ​ចេញសេចក្ដី​​ថ្លែងការណ៍​​រួម ដោយកូរ៉េខាងជើង​​យល់ព្រមធ្វើ​ការងារ​​ជាមួយ​សហរដ្ឋអាមេរិក​ ​ដើម្បីលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​ នៅលើ​​ឧបទ្វីបកូរ៉េ។ ប៉ុន្តែ​​ឯកសារ​នេះក៏ទទួលរង​ការ​រិះគន់ផងដែរ​ ដោយសារ​តែ​វាមិនបានបញ្ជាក់​​ឱ្យច្បាស់ថា តើពេល​ណា ឬថាតើទីក្រុង​​ព្យុងយ៉ាង បោះបង់ចោល​​អាវុធនុយក្លេអ៊ែរ​​យ៉ាងដូចម្ដច។

ដោយឡែក ថ្លែងនៅ​អំឡុង​ដំណើរទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នៅ​ថ្ងៃព្រហស្បតិ៍នេះ ជាទីដែល​លោក​​បានពិភាក្សាជាមួយ​​សមភាគីកូរ៉េខាងត្បូង ​ពាក់ព័ន្ធនឹងលទ្ធផល​​កិច្ចប្រជុំ ត្រាំ-គីម លោក Pompeo បានគូស​បញ្ជាក់​យ៉ាង​ដូច្នេះថា «ការលុប​បំបាត់អាវុធ​នុយក្លេអ៊ែរ... យើង​សង្ឃឹមថា យើងអាចសម្រេចបាន​នូវវត្ថុបំណង​នៅត្រឹម ០២ឆ្នាំ​កន្លះ​ខាង​​មុខនេះ (មុនដំណាច់ឆ្នាំ២០២០)»។

តែ​យ៉ាងណា​​ក៏ដោយ នៅត្រូវបាន​គេសាក​សួរថា តើ​ហេតុអ្វី​បាន​ជាសេចក្ដី​ថ្លែងការណ៍​​រវាងលោក ត្រាំ និងលោក គីម មិនបានបញ្ជាក់​អ្វីលម្អិត? រដ្ឋមន្ត្រី​ការបរទេស​​រូបនេះបានចាត់​ទុកថា «វាគឺជាសំណួរ​មានលក្ខណៈ​ប្រមាថ និងគួរឱ្យ​អស់​សំណើច»

គួរបញ្ជាក់ថា ក្រោយជំនួប​ជាមួយលោក គីម លោក ដូណាល់ ត្រាំ បានអះអាងថា កូរ៉េខាងជើង​លែងក្លាយជាការ​គំរាមកំហែង ដោយអាវុធ​នុយក្លេអ៊ែរទៀតហើយ​ដោយ​ចាប់ពីពេល​នេះតទៅ អ្នករាល់គ្នានឹងទទួលបានអារម្មណ៍ថា មានសុវត្ថិភាព​កាន់តែ​ច្រើន៕