(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​ត្រូវបាន​គេរំពឹងថា នឹងបន្តសង្រ្គាម​ពាណិជ្ជកម្ម​របស់ខ្លួនទៅមុខទៀត តាមរយៈ ការតម្លើងពន្ធ​បន្ថែមនៅថ្ងៃសុក្រ​សប្ដាហ៍នេះ លើការនាំចូល​ផលិត ផលចិន​ដែលមានតម្លៃរាប់ពាន់​លាន​ដុល្លារ។ នេះបើ​តាម Wall Street Journals ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មាន​អាមេរិក Wall Street Journals ក្រុមមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងក្រសួង​រតនាគារជាតិ​អាមេរិក បានជួបគ្នា​កាលពីសប្ដាហ៍មុន​ ដើម្បីពិភាក្សា​គ្នាលើ​បញ្ហានេះ និងបានឯកភាព​បន្តអនុវត្តន៍​ការតម្លើងពន្ធ​ លើការនាំចូលផលិតផលពីចិន។ ប៉ុន្តែទន្ទឹមគ្នា សកម្មភាព​បែប​នេះ ត្រូវបាន​គេរំពឹងថា នឹងទទួលប្រតិកម្ម​ឆ្លើយយ៉ាងខ្លាំង​ពីសំណាក់​ទីក្រុង​ប៉េកាំង។

ទោះបីជា​យ៉ាងនេះក្ដី Wall Street Journals បានបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ មិនទាន់ធ្វើការ​សម្រេចចិត្ត​ណាមួយ​ចុងក្រោយនៅឡើយទេ ដោយសារតែ​លោកត្រូវការជំនួយ​ពីចិនក្នុងការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីប​កូរ៉េ។

គួរបញ្ជាក់ថា ភាពតានតឹង​រវាងចិន និង​សហរដ្ឋអាមេរិក បានផ្ទុះ​ឡើង បន្ទាប់ពី​លោក ត្រាំ បានប្រកាស​តម្លើងពន្ធលើការនាំ​ចូលផលិត​ផលពីចិន ហើយព្រមាន​បន្តពន្យារពេលការ​តម្លើងពន្ធ​នេះ៕