(ម៉ាឌីវ)៖ តុលាការ​ព្រហ្មទណ្ឌ​នៃដែនដីកោះម៉ាល់ឌីវ នៅថ្ងៃពុធ​សប្ដាហ៍នេះ បាន​សម្រេច​ផ្តន្ទាទោស​អតីតប្រធានាធិបតី​ម៉ាល់ឌីវ លោក ម៉ាវមូន អាប់ឌុល ហ្គេយូម (Maumoon Abdul Gayoom) ដាក់ពន្ធនាគារ ១៩ខែ បន្ទាប់ពីបានរកឃើញថា លោកបានបង្ក​ឧបសគ្គដល់ការ​ស្វែង​យុត្តិធម៌របស់​តុលាការ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះ​ប្រធាន​នៃអង្គចៅក្រម លោក អាប់ឌុលឡា សាអ៊ីដ (Abdulla Saeed) និងចៅក្រម លោក អាលី ហាមីដ (Ali Hameed) ក៏ត្រូវបានតុលាការ​ផ្ដន្ទាទោសដាក់ពន្ធ នាគារ​ផងដែរ។ អ្នកទាំងបី​ត្រូវបានចោទ​ប្រកាន់ថា បានបដិសេធ​ប្រគល់​ទូរស័ព្ទដៃរបស់ខ្លួន​ឱ្យក្រុមអ្នក​ស៊ើបអង្កេត។

គួរបញ្ជាក់ថា លោក Gayoom ត្រូវបានគេចាប់ខ្លួននៅផ្ទះរបស់​នៅក្នុងទីក្រុង ម៉ាល់ (Male) កាលពីខែកុម្ភៈ ពីបទរៀបចំ​គំរោងផ្ដួលរំលំ​រដ្ឋាភិបាល ខណៈកូនប្រសារ​ប្រុសរបស់លោក​ ក៏ត្រូវបានចាប់ខ្លួន​រួមជាមួយលោក​ផងដែរ៕