(អាមេរិក)៖ កែវយឺតអវកាស Fermi ដែលសិក្សា​ពីរលកវិទ្យុសកម្ម នៃពន្លឺ Gamma-Ray ដ៏ទំនើបជាងគេ​បំផុតរបស់ទីភ្នាក់ងារ​អវកាស NASA កំពុងអបអរ​​សាទរ​គម្រប់ខួប ១០ឆ្នាំរបស់វា​ស្តីពីការរកឃើញ​ផ្នែកវិទ្យាសាស្រ្ត​នានា។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

កែវយឺតអវកាស​ដែលមានតម្លៃ ៦៩០លានដុល្លារ​នេះ ត្រូវបានបាញ់​ចេញពីមូលដ្ឋានទ័ព​អាកាសនៅ Cape Canaveral នៃរដ្ឋផ្លូរីដា កាលពី​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០០៨ ក្នុងបេសកកម្ម​មួយ ដើម្បីទៅសិក្សា​អំពីរលកវិទ្យុសកម្ម នៃពន្លឺ Gamma-Ray ដែលជាទម្រង់ពន្លឺ​ដ៏មានថាមពលខ្ពស់បំផុត​ នៅ​​ក្នុងចក្រវាឡ​យើង​នេះ ហើយក៏មិនទាន់​មានការបកស្រាយ​ឲ្យ​ទូលំទូលាយ និងច្បាស់លាស់​នៅឡើយ​នោះដែរ។

គួរជម្រាបថា រលកវិទ្យុ Gamma-Ray មិនអាចមើល​ឃើញដោយភ្នែកទទេ​របស់មនុស្ស​ឡើយ ប៉ុន្តែ​កែវយឺតអវកាស​ដូចជា Fermi អនុញ្ញាត​ឲ្យ​​ក្រុមតារាវិទូមើលឃើញ​ពន្លឺប្រភេទនេះ ដែលមានផ្ទុកនូវ​តំរុយអំពី​ប្រហោងខ្មៅ (Black Hole), ផ្កាយណឺត្រុង, និងប្រភពអាថ៌​កំបាំងជាច្រើន​​ទៀត ដែលទាក់ទិន​នឹងរលកវិទ្យុមាន​ថាមពលខ្ពស់ៗ ដែលត្រូវបានជះមកដល់ប្រព័ន្ធព្រះអាទិត្យយើងនេះ។

ការសិក្សាអំពីតំរុយពន្លឺខាង​លើនេះពិតជា​រឿងសំខាន់ ព្រោះវាអនុញ្ញាត​ឲ្យក្រុមតារាវិទូ​ធ្វើការវិភាគ​អំពីទម្រង់នៃ​ពន្លឺនោះ និងអាយុកាល​របស់វា ទើបអាច​ធ្វើការ​គណនា​អំពី​កំណកំណើត​ដំបូងនៃចក្រវាឡ​​ទាំងមូល​ផងដែរ៕