(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតី​តួកគីលោក រ៉េសិប តាយយីប អឺដូហ្គាន់ បាននិយាយថា រដ្ឋាភិបាល​ទីក្រុងអង់ការ៉ា នឹងប្រសើរប្រព័ន្ធ​មីស៊ីលការពារ​ដែនអាកាស S-400 ដែលទិញពី​ប្រទេស​រុស្ស៊ី ប្រសិនបើវា​ចាំបាច់ ហើយក៏មិនមែន​ទិញវាដើម្បី​តែទុកចោល​នៅក្នុងឃ្លាំង​សព្វាវុធនោះដែរ៕

២៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងមកបំពេញ​ទស្សនកិច្ចនៅ​ប្រទេសចិន ក្នុងថ្ងៃព្រហស្បតិ៍​ស្អែកនេះ តបតាម​ការ​អញ្ជើញ​ដោយ​ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន លោក វ៉ាង យី៕

៣៖ រដ្ឋមន្រ្តីការពារជាតិ​ជប៉ុន លោក អ៊ីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) បានសម្តែងក្តី​ព្រួយបារម្ភអំពីចេតនា​របស់ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការ​បញ្ឈប់ការ​ធ្វើសមយុទ្ធយោធារួម​ ជាមួយ​កូរ៉េខាងត្បូង៕

៤៖ ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសរសើរ​លោក គីម ជុងអ៊ុន​ ថាជាបុរសខ្លាំង ឆ្លាត និងជាអ្នកចរចាដ៏អស្ចារ្យ​ម្នាក់។ ប៉ុន្តែ​ព្រមពេល​ជាមួយ លោកក៏​បានអួតផងដែរថា វោហាស័ព្ទរបស់លោក​វាយប្រហារ​លើលោក គីម បាន​ដំណើរការ​យ៉ាងរលូន រហូតដល់មានជំនួប​កំពូល​ ត្រាំ-គីម៕

៥៖ អង្គការ​សហប្រជាជាតិ​នៅថ្ងៃអង្គារនេះ បានកត់​សម្គាល់ថា ចិនបាន​ដើរតួនាទី​យ៉ាងសំខាន់ និងប្រកបដោយ​ភាពវិជ្ជមាន ទាក់ទិននឹងស្ថានភាព​នៅលើតំបន់​ឧបទ្វីបកូរ៉េ៕

៦៖ រដ្ឋាភិបាល​វៀតណាម​​កំពុង​តែរៀបចំ​ក្រុម​ជំនាញ ក្នុងការចុះ​ទៅស្រង់​យក​កំនប់ជាវត្ថុមានតម្លៃ​ជាច្រើន ពីក្នុងសំពៅបុរាណ​ចិនមួយ​គ្រឿង ដែលបាន​លិច​កាលពី​សម័យ​រាជវង្សមីង (Ming) នៃ​សតវត្សរ៍ទី១៦ នៅក្នុងទឹក​សមុទ្រជាប់ខេត្ត ក្វាងង៉ៃ (Quang Ngai) ភាគកណ្តាល​ប្រទេស​វៀតណាម៕