(ប៉ារីស)៖ ការប្ដេជ្ញា​ចិត្តរំសាយ​អាវុធនុយក្លេអ៊ែររបស់​កូរ៉េខាងជើង គឺជាព័ត៌មាន​ល្អ ប៉ុន្តែចេតនា​ក្នុងការអនុវត្ត គួរតែត្រូវបានបញ្ជាក់​ឱ្យច្បាស់។ នេះបើ​តាម​សម្តីរដ្ឋមន្ត្រី​​ការបរទេស​បារាំង លោក ហ្សង់-អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នៅថ្ងៃពុធនេះ លោករដ្ឋមន្ត្រី​ការបរទេសបារំាង បានលើក​ឡើងយ៉ាងដូច្នេះថា «វាគឺជា​ព័ត៌មានល្អ។ ប៉ុន្តែវា​ក៏ត្រូវតែធ្វើឱ្យប្រាកដ​ផងដែរថា គោលការណ៍​នៃការរំសាយ​អាវុធ​នុយក្លេអ៊ែរ ដែលត្រូវបាន​ប្រកាសក្រោយ​កិច្ចប្រជុំកំពូល គួរតែត្រូវបាន​បញ្ជាក់​ឱ្យច្បាស់ និងមិនអាច​ប្រកែក​បាន»

លោក​ Le Drian ក៏បានបន្ថែមដែរថា ការព្រមព្រៀងគ្នា​គឺជាសញ្ញាមួយ​យ៉ាង​ច្បាស់​​នៃភាព​ជឿនលឿន តែយ៉ាងណា​លោកកត់សម្គាល់​ដដែលថា ទីក្រុងព្យុងយ៉ាង​ធ្លាប់បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ លុបបំបាត់​រួចមកហើយ តែចុងក្រោយ​គ្មានលទ្ធផល​ជាដុំកុំភួន​អ្វីនោះទេ មានតែ​ការបង្កើនការអភិវឌ្ឍ​អាវុធនយក្លេអ៊ែរ​លើស​ដើម។

គួររំលឹកថា នៅអំឡុង​កិច្ចប្រជុំកំពូលកាលពី​ថ្ងៃអង្គារ ក្នុងប្រទេស​សិង្ហបុរី លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន បានសន្យាថា នឹងធ្វើការងាររួមគ្នា​ដើម្បីលុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីបកូរ៉េ ជាមួយការធានា​សន្តិសុខជូន​របបដឹកនាំទីក្រុង​ព្យុងយ៉ាង ពី​សំណាក់​សហរដ្ឋអាមេរិក។ តែយ៉ាងណា​ក៏ដោយ ប្រធានាធិបតី​អាមេរិករូបនេះ​ នៅតែ​បញ្ជាក់ថា គ្មានឡើយការ​ដកទណ្ឌកម្ម ទាល់តែ កូរ៉េខាងជើង​រំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុង​ជាមុន​សិន៕