(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិតជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែងនូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះ​ការ​បញ្ចប់ទៅដោយភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងលិខិតផ្ញើជូនទៅលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា «កិច្ចប្រជុំកំពូលរវាងមេដឹកនាំ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាជំហានឆ្ពោះទៅមុខយ៉ាងខ្លាំងមួយ ហើយសិង្ហបុរីមាន​កិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ...»

គួរបញ្ជាក់ថា បើតាមការ​អះអាងរបស់​លោក លី សៀនឡុង នៅមុនជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក គីម ធ្វើឡើងនោះ សិង្ហបុរីបានធ្វើការចំណាយ​រហូត​ខ្ទង់ ១៥លានដុល្លារ​អាមេរិក ដើម្បីរៀបចំ​គ្រប់បែបយ៉ាង​មានទាំង​​ពិធីការជារួម និងកិច្ច​ការពារ​សន្តិសុខ​ចាប់តាំង​ពី​មុនដំណើរ​មកដល់នៃគណប្រតិភូទាំងពីរប្រទេស ពេលបើកកិច្ចប្រជុំ និងរហូត​ដល់កិច្ចប្រជុំ​ត្រូវបញ្ចប់​ជា​ស្ថាពរ៕