(សិង្ហបុរី)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ដាច់ដោយ​ឡែកមួយ​នៅក្នុង​សណ្ឋាគារ Capella ប្រទេស​សិង្ហបុរី ក្រោយពិធី​ចុះ​ហត្ថលេខា​លើសេចក្តីថ្លែងការណ៍រួមគ្នា​ជាមួយលោក គីម ជុងអ៊ុន ថា លោក គីម បានព្រម​តាមការអញ្ជើញ​របស់លោក​ហើយ ដើម្បី​ទៅបំពេញ​ទស្សនកិច្ចជាលើក​ដំបូង នៅក្នុង​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AP នារសៀល​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

ការអញ្ជើញ​នេះផងដែរ ទំនងជាបានធ្វើឡើង​នៅក្នុងជំនួបពិភាក្សា​ទ្វេភាគី និងការ​ទទួលទានអាហារ​ថ្ងៃត្រង់ ដែលបាន​ប្រព្រឹត្តទៅកាលពីប៉ុន្មាន​ម៉ោងមុខនេះ ប៉ុន្តែ​ពុំមាន​ការ​បញ្ជាក់ថា តើ​លោក គីម នឹងរៀបចំដំណើរ​ទៅ​កាន់សហរដ្ឋអាមេរិក នៅពេល​ណាឲ្យប្រាកដនោះឡើយ៕