(ប៉េកាំង)៖ រដ្ឋាភិបាលចិន​នៅថ្ងៃអង្គារនេះ បានសម្ដែងការ​ស្វាគមន៍ និងសាទរ​ដល់កិច្ចប្រជុំកំពូលនៅក្នុងប្រទេស​សិង្ហបុរី រវាងប្រធានា​ធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាម​រដ្ឋមន្ត្រីការបរទេស​លោក វ៉ាង យី ដក​ស្រង់ដោយ​សារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន លោក វ៉ាង យី បានលើកឡើងផង​ដែរថា ទីក្រុងប៉េកាំង ចាត់ទុកថា ជំនួបកំពូលរវាង​ទីក្រុងព្យុយ៉ាង និងទីក្រុង​វ៉ាស៊ីនតោន គឺជាជំនួប​បែបប្រវត្តិសាស្ត្រ។ លោក វ៉ាង បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «មេដឹកនាំ​នៃប្រទេសទាំង​ពីរអាច​អង្គុយចុះ ជាមួយគ្នានៅថ្ងៃនេះ​ សម្រាប់កិច្ចប្រជុំ​ដោយស្មើភាព ដែលនេះគឺជា​ការបង្កើរប្រវត្តិសាស្ត្រ​ថ្មីមួយ ហើយចិន​ស្វាគមន៍ និងគំាទ្រ​ ដ្បិតវា​គឺជាវត្ថុបំណងដែល​ចិនកំពុងទន្ទឹមរង់ចាំ និងធ្វើការយ៉ាង​ខ្លាំងដើម្បី​សម្រេច​វត្ថុបំណងនេះ»