(ទ្រីប៉ូលី)៖ ឯកអគ្គរដ្ឋទូត​តួកគីប្រចាំប្រទេស​លីប៊ី លោក អាហ៍មែត អាយឌីន ដូហ្គាន់ (Ahmet Aydin Dogan) បានគូសបញ្ជាក់​ពីការគាំទ្រយ៉ាង​ពេញទំហឹងពីសំណាក់​រដ្ឋាភិបាល​អង់ការ៉ា ចំពោះរដ្ឋា​ភិបាល​លីប៊ី ដែលគាំទ្រដោយ​អង្គការ​សហប្រជាជាតិ (UN)។ នេះបើ​តាម​ការដក​ស្រង់​​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

លោក Dogan បានធ្វើការ​លើកឡើងខាង​លើ នៅអំឡុង​ជំនួបពិភាក្សាជាមួយ​នាយករដ្ឋមន្រ្តី​លីប៊ី លោក ហ្វាយែស ស៊ែររ៉ាច (Fayez Serraj) ដោយឯក​អគ្គរដ្ឋទូត​​​តួកគី បានធ្វើការសង្កត់ធ្ងន់​ពីការគាំទ្ររបស់​តួកគី ចំពោះ​រដ្ឋាភិបាល​លីប៊ី និងកោតសរសើរ​អំពីកិច្ចប្រឹងប្រែង​របស់ លោក Serraj ក្រោម​គោល​ដៅសម្រេច​ឲ្យបាននូវស្ថិរភាព​ សម្រាប់ប្រទេស​អាហ្រ្វិកខាងជើង​មួយ​នេះ។​​

គួរជម្រាបថា គណបក្សនយោបាយ​ដែលជាគូ​បដិបក្ខនឹងគ្នា របស់​ប្រទេសលីប៊ី បានជួបគ្នាកាលពី​ថ្ងៃទី២៩ ខែឧសភា និងបាន​ព្រមព្រៀង​គ្នា ​រៀបចំការបោះឆ្នោត​សភា និងជ្រើសរើស​ប្រធានាធិបតី​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ហើយវាជា​សញ្ញាថ្មីបំផុតមួយ ដើម្បីឆ្ពោះទៅរកសន្តិភាព និងការឯកភាពជាតិ​លីប៊ីឡើងវិញ ក្រោយរបប​អតីតមេដឹកនាំ មួអាម៉ា ហ្គាដាហ្វី ដួលរលំ​កាលពី​ឆ្នាំ២០១១៕