(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្ហាញក្តីសង្ឃឹម​ជឿជាក់ថា កិច្ចប្រជុំកំពូល​រវាងកូរ៉េខាងជើង និងអាមេរិក​នៅ​ថ្ងៃស្អែកនេះ នឹងក្លាយ​ជាជោគជ័យមួយ​ជាប្រវត្តិសាស្រ្ត ដែលកំពុងឆ្ពោះ​ទៅរកការសម្រេច​បាន​​នូវសន្តិភាព​លើ​​ឧបទ្វីបកូរ៉េ ជាអចិន្ត្រៃយ៍តែម្តង។ នេះបើ​តាម​​ការ​ដក​ស្រង់ការផ្សាយ​​ចេញពី ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់​ពីវិមានប្រធានាធិបតី​កូរ៉េខាងត្បូង Blue House លោក មូន បានធ្វើការ​លើកឡើង​ខាងលើ នៅអំឡុងកិច្ច​ប្រជុំប្រចាំ​សប្តាហ៍​​មួយជាមួយ​គណៈរដ្ឋមន្រ្តី​របស់លោក​នៅថ្ងៃចន្ទនេះ ពោលគឺមួយ​ថ្ងៃមុនកិច្ចប្រជុំ​កំពូលលើក​ទីមួយ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក​​ប្រា​រព្ធឡើង។ លោក មូន ជែអ៊ីន ក៏បានបង្ហាញ​ក្តីសង្ឃឹមផងដែរ​ថា កិច្ចប្រជុំ​គីម-ត្រាំ នឹងអាចលុប​បំបាត់ចោល​ នូវរាល់​ទំនាក់ទំនង​មិនល្អ​នឹងគ្នា​​នា​ពេលកន្លងមកនេះ ហើយឈាន​ដល់កិច្ចព្រមព្រៀង​​ដ៏ប្រសើរមួយ សម្រាប់គោលដៅ​លុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ ពីតំបន់​ឧបទ្វីបកូរ៉េ។

គួរជម្រាបថា ប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់​ប្រទេស​សិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញ​ដូចគ្នា ដើម្បត្រៀមចូលរួមកិច្ចប្រជុំកំពូល ដែលត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅនាម៉ោង០៩៖០០នាទី​ព្រឹកថ្ងៃអង្គារស្អែកនេះ នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី៕