(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Loong បានបញ្ជាក់ឲ្យដឹងថា ប្រទេសរបស់លោក នឹងត្រូវចំណាយថវិកាប្រមាណ​ជា​២០លានដុល្លារសិង្ហបុរី ដែលស្មើនឹង​​១៥លានដុល្លារអាមេរិក សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ប៉ុន្តែវា​ក៏ជា​ឱកាស​ផ្តល់​ឲ្យ​មក​វិញ​នូវ​ភាព​លេច​ធ្លោ​លើឆាកអន្តរ​ជាតិ​សម្រាប់សិង្ហបុរីផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក Lee បាននិយាយថា «​បើទាក់ទិននឹងឥទ្ធិពលផ្ទាល់ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​អាមេរិក-កូរ៉េខាងជើង ផ្តល់ឲ្យយើងនូវភាពលេចធ្លោលើឆាកអន្តរជាតិ ហើយនៅពេលភាគីទាំងពីរ បានស្នើឲ្យយើងធ្វើជាអ្នកទទួលរៀបចំ​កិច្ច​​ប្រជុំកំពូលរបស់ប្រទេសទាំងពីរ យើងមិនអាចបដិសេធបានឡើយ ព្រោះថាយើងមានសមត្ថភាពអាចទទួលធ្វើវាបាន ហើយ យើង​ត្រូវ​តែ​ចំណាយ​ធន​ធាន​ខ្លះៗ»។

លោក Lee Hsein Loong បានបញ្ជាក់ថា សិង្ហបុរី​ នឹងចំណាយខ្ទង់២០លានដុល្លារសិង្ហបុរី (១៤.៩៨លានដុល្លារអាមេរិក) ទៅ​លើ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​​កំពូល​របស់​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដោយលោកបានលើកឡើងដូច្នេះថា «យើងពេញចិត្តនឹងធ្វើការចំណាយ​​ដ៏​​ច្រើននេះ ហើយវាគឺជាការចូលរួមចំណែករបស់យើង សម្រាប់កិច្ចប្រឹងប្រែងរបស់អន្តរជាតិ»

គួរជម្រាបថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់សិង្ហបុរីហើយនារសៀលថ្ងៃអាទិត្យនេះ តាមជើងហោះហើររបស់យន្តហោះឯក​ជន​មួយនៃអាកាសចរណ៍ចិន។ លោក Lee នឹងត្រូវទទួលជួបពិភាក្សាជាមួយ លោក គីម នាថ្ងៃអាទិត្យនេះ ហើយជួបជាមួយលោក ត្រាំ នៅថ្ងៃ​ស្អែក ខណៈលោកប្រធានាធិបតីអាមេរិក កំពុងស្ថិតនៅតាមផ្លូវហោះហើរឆ្ពោះមកកាន់សិង្ហបុរីនៅឡើយ។ លោក ត្រាំ ក៏ត្រូវគេរំពឹងថានឹង​មកដល់ថ្ងៃអាទិត្យនេះដែរ ប៉ុន្តែអាចនៅពេលល្ងាចឬពេលយប់៕