(ធានជីន)៖​ ខណៈកិច្ច​​ប្រជុំ G7 នៅប្រទេស​​កាណាដា បានក្លាយជា​សង្វៀន​ផ្លោងសម្តី​ដាក់គ្នា ពាក់ព័ន្ធ​ទង្វើ​​របស់ លោក ដូណាល់ ត្រាំ ដែលកំពុង​បង្ក​ឲ្យសម្ព័ន្ធមិត្ត​​ទាំង ៦ ទៀត​​មិនពេញ​ចិត្តនោះ នៅទីក្រុងធានជីន​​ប្រទេសចិន​​ឯណេះវិញ កិច្ចប្រជុំកំពូល​​នៃអង្គការ​សហប្រតិបត្តិការ​​សៀងហៃ (SCO) បែរជា​បង្ហាញនូវ​ភាព​ល្អូកល្អឺន និងចុះ​សម្រុងគ្នា ហើយ​ប្រធានាធិបតី​​ចិន​ លោក ស៊ី ជិនពីង បានអញ្ជើញ​​លោក វ្លាឌីមៀ ពូទីន ទៅទស្សនា​ការតាំង​ពិព័រណ៍ ក៏ដូចជាការរៀបចំ និងចំអិន​​អាហារ​​ប្រពៃណីចិន​ជាច្រើនប្រភេទ ក្នុងនោះមាន​ទាំងនំគាវ​ដ៏​ឈ្ងុយឆ្ងាញ់ផងដែរ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន​ចិន CGTN នាល្ងាច​ថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងខ្សែ​វីដេអូរយៈពេល​ខ្លីមួយ គេឃើញ​លោក ពូទីន កំពុងតែផ្ចិតផ្ចង់​​ក្នុងការវេចខ្ចប់​នំគាវ ដែលជា​អាហារ​ប្រពៃណីរបស់ប្រទេស​ចិន និងនៅតែពេញ​និយមជានិច្ច សម្រាប់​បណ្តា​ប្រទេសជាច្រើន​ដែលមានជនជាតិចិន​រស់នៅ។ សកម្មភាព​របស់លោក ពូទីន ដែលអម​ដោយ​ប្រធានាធិបតីលោក ស៊ី ជិនពីង ក្នុងការភក្ស​រសជាតិអាហារ​ចិន​ជាច្រើននោះ គឺស្ថិតនៅ​ក្នុងពិព៍រណ៍វប្បធម៌​មួយ នៅក្នុងទីក្រុង ធានជីន ភាគឦសាន​ប្រទេសចិន មុនលោក​ទាំងពីរត្រូវធ្វើ​ដំណើរមក​ទីក្រុង គីងតាវ ដើម្បីចូល​រួម​​កិច្ចប្រជុំ SCO ជាមួយបណ្តា​មេដឹកនាំពិភពលោក​ដទៃៗទៀត ក្នុងនោះមាន​ដូចជា ឥណ្ឌា ប៉ាគីស្ថាន តាជីគីស្ថាន អូបេគីស្ថាន កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ដែលសុទ្ធសឹងជា​ប្រទេស​នៅក្នុងតំបន់​អឺរ៉ាស៊ី។

គួរបញ្ជាក់ថា កិច្ចប្រជុំនៃអង្គការ​​​​សហប្រតិបត្តិការ​​សៀងហៃ បាននិង​​កំពុងតែ​ប្រារព្ធ​ឡើងនៅ​ទីក្រុង គីងតាវ នៃ​ខេត្តសានទុង ជាប់ឆ្នេរភាគ​ខាងកើត​​​ប្រទេសចិន ចាប់​ពីថ្ងៃទី០៨ ដល់ទី១០ ខែមិថុនា ឆ្នាំ២០១៨ ហើយការ​​បំពេញ​ទស្សនកិច្ច​​របស់ លោក ពូទីន ពេលនេះ គឺជាលើក​ដំបូង​បំផុត គិតចាប់តាំងពីលោក​បានឈ្នះឆ្នោត និងឡើង​កាន់​តំណែង​ជាប្រធានាធិបតី​រុស្ស៊ី​បន្តនាអាណត្តិថ្មី ដែលជាអាណត្តិទី៤របស់លោក៕