(ចិន)៖ ម៉ាកាវ​មានឈ្មោះជាផ្លូវការថា «តំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ» នៃសាធារណរដ្ឋប្រជាមានិត​ចិន គឺជាដែន​ស្វយ័តមួយ ស្ថិតនៅភាគ​ខាងលិចជាប់​មាត់ទន្លេ Pearl ក្នុងតំបន់​អាស៊ីបូព៌ា។ ទីក្រុងម៉ាកាវ​មានព្រំប្រទល់​ខាងជើង​ជាប់ទីក្រុង ហ្ស៊ូហៃ​ចិនដីគោក ចំណែកភាគ​ខាងកើត និងភាគខាងត្បូងជាប់​ដីសណ្តទន្លេ Pearl ជាដែនដី​ដែលមានដង់ស៊ីតេ​ខ្ពស់​បំផុត​នៅលើ​ពិភពលោក។

ថ្វីត្បិតជា​ផ្នែកមួយនៃដែនដី​របស់ចិន ប៉ុន្តែតំបន់​ម៉ាកាវ អាចរីករាយ​ជាមួយនឹងសិទ្ធិ​ប្រកបដោយស្វ័យភាព​ខ្ពស់ នៅក្នុងគ្រប់វិស័យ​ទាំងអស់ដោយ​ខ្លួនឯង លើកលែងតែ​កិច្ចការការពារជាតិ និងទំនាក់ទំនង​កិច្ចបរទេស​ ដែលត្រូវស្ថិត​ក្រោមរដ្ឋាភិបាល​ចិនដី​គោក។ សូមសិក្សា​ពីស្ថានភាព​ទូទៅ និងប្រវត្តិសាស្ត្រ​តំបន់ម៉ាកាវ ដើម្បីស្វែងយល់​មូលហេតុ​ខាងលើ៖

* ឈ្មោះជាផ្លូវការ៖ តំបន់រដ្ឋបាល​ពិសេសម៉ាកាវ
* ភាសាផ្លូវការ៖ ចិន និងព័រទុយហ្គាល់
* អម្បូរជនជាតិ៖ ចិន (៩៥ភាគរយ) ម៉ាកាវ (២ភាគរយ) និង​ជនជាតិដទៃ​ទៀត (៣ភាគរយ)
* ផ្ទៃដី៖ ១១៥.៣គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៦៥០ ៩០០នាក់ (ឆ្នាំ២០១៦)
* ដង់ស៊ីតេ៖ ២១,៤១១នាក់​ក្នុងមួយ​គីឡូម៉ែត្រ
* GDPសរុប៖ ៦៥ពាន់លានដុល្លារ
* រូបិយប័ណ្ណ៖ ប៉ាតាកា (Macanese pataca)

នៅពេល​លើកឡើងដល់​ប្រវត្តិដើម​កំណើត​ នៃតំបន់ម៉ាកាវ​យើងត្រូវវិល​ទៅរំលឹកដល់​សម័យរាជវង្ស​ឈិន (Qin) ដែលកាន់​អំណាច​កាលពី ២២១ ដល់ ២០៦ មុនគ.ស. ដោយពេលនោះតំបន់នេះ​ ស្ថិតក្រោម​យុត្តាធិការ​នៃខេត្ត Nanhai (ខេត្តក្វាងទុង បច្ចុប្បន្ន)។ កំណត់ហេតុ​បាន​បញ្ជាក់ថា ជនជាតិចិន​បានមករស់នៅលើទឹកដី​នេះ​ជាលើកដំបូង ក្នុងសម័យកាល​រាជវង្សសុង​ខាងត្បូង (Southern Song) ដោយសារ​គេចពីការឈ្លានពាន​របស់ពួកម៉ុង​ហ្គោល។

ពីមុន​តំបន់ម៉ាកាវ​ មិនទាន់អភិវឌ្ឍន៍​ខ្លួនក្លាយជាតំបន់ពេញ​និយម​ សម្រាប់ការរស់​នៅឡើយ រហូតទាន់​តែការមកដល់​ នៃជនជាតិព័រទុយហ្គាល់​ក្នុងសតវត្សរ៍ទី​១៦។ ក្នុងឆ្នាំ១៥១៣ លោក Jorge Alvares បានក្លាយ​ជាជនជាតិព័រទុយហ្គាល់​ទីមួយ ដែលបានសំចត​លើដែនដី​នៃប្រទេស​ចិន។ ឈានដល់​ឆ្នាំ១៥៣៥ អ្នកជំនួញជនជាតិ​ព័រទុយហ្គាល ទទួលបានសិទ្ធិ​ក្នុងការក្នុងចុះចត​នៅក្នុងកំពង់ផែ​ម៉ាកាវ និងធ្វើ​សកម្មភាព​ជំនួញនៅ​ទីនោះ យ៉ាងនេះ​ក្តីពួកគេមិន​ទាន់សិទ្ធិ​ ក្នុងការរស់​នៅលើមាត់សមុទ្រ​នេះ​​ឡើយ។

នៅរវាង​ឆ្នាំ១៥៥២ ដល់ឆ្នាំ១៥៥៣ ពួកគេទទួល​បានការអនុញ្ញាតជា​បណ្ដោះអាសន្ន​ក្នុងការតម្លើងឃ្លាំង​​នៅលើឆ្នេរសមុទ្រ ដើម្បីសម្ងួត​ទំនិញដែល​ទទឹកដោយសារ​ទឹកសមុទ្រ។ មិនយូរប៉ុន្មាន ពួកគេបាន​សាងសង់លំនៅឋានធ្វើពីថ្មកំបោរនៅជុំវិញសមុទ្រ ដែលបច្ចុប្បន្ន​មាន​ឈ្មោះថា ណាំវ៉ាន (Nam Van)។ នៅឆ្នាំ១៥៥៧ ពួកព័រទុយហ្គាល់បានបង្កើត​ទីលំនៅ​អចិន្រ្តៃយ៍​នៅម៉ាកាវ តែត្រូវបង់ប្រាក់​ប្រចាំឆ្នាំ​ចំនួន ៥០០ taels (ពេល​នោះស្មើនឹង ប្រាក់ទម្ងន់ ១៨,៩​គីឡូក្រាម)។ ជនជាតិ​ព័រទុយហ្គាល់បាន​បន្តបង់ថ្លៃ​ប្រចាំឆ្នាំ ដើម្បីបន្តស្នាក់​នៅក្នុងតំបន់​ម៉ាកាវ រហូតដល់​ឆ្នាំ១៨៦៣។ នៅឆ្នាំ ១៥៦៤ ជនជាតិ​ព័រទុយហ្គាល់ បានធ្វើពាណិជ្ជកម្ម​ជាមួយ ឥណ្ឌា ជប៉ុន និងចិន។

គិតត្រឹមសតវត្ស​ទី១៧ តំបន់ម៉ាកាវ មានទាសករ​រស់នៅប្រហែល ៥,០០០នាក់ ជនជាតិ​ព័រទុយហ្គាល់ ២,០០០នាក់ និងជនជាតិចិន ២០,០០០នាក់។ ខណៈដែលពួក​ព័រទុយហ្គាល់​កាន់តែច្រើន​ មករស់នៅ​លើទឹកដី​ម៉ាកាវ ដើម្បីធ្វើ​ជំនួញ ពួកគេ​ទាមទារ​គ្រប់គ្រងប្រព័ន្ធរដ្ឋបាល​ដោយខ្លួនឯង ប៉ុន្តែការទាមទារ​នេះមិនបាន​សម្រេចនោះទេ រហូតដល់​ទសវត្សរ៍ឆ្នាំ១៨៤០ ទើបបាន​សម្រេច។

ក្នុងឆ្នាំ១៥៧៦ សម្តេច​សង្ឃប៉ាប ហ្គ្រេកូរី (Gregory) ទីប្រាំបី បានបង្កើតតំបន់​ភូមិភាគកាតូលិករ៉ូម នៅម៉ាកាវជាលើក​ដំបូង។ នៅឆ្នាំ​១៥៨៣ ជនជាតិព័រទុយហ្គាល់​នៅម៉ាកាវ ត្រូវបានអនុញ្ញាត​ឱ្យបង្កើតសភា​ ដើម្បីដោះស្រាយ​បញ្ហាផ្សេងៗ​ទាក់ទងនឹងកិច្ចការ​សង្គម និងសេដ្ឋកិច្ច​ក្រោមការត្រួតពិនិត្យ​យ៉ាងតឹងរ៉ឹង​របស់​អាជ្ញាធរចិន ប៉ុន្តែមិនមាន​ការផ្ទេរអធិបតេយ្យភាព​នោះទេ។

ម៉ាកាវ​បានរីកចម្រើន ក្លាយជាកំពង់ផែ​ដ៏សំខាន់មួយ ទន្ទឹមនឹងនេះ​ផងដែរ វាក៏ជា​គោលដៅ​​នៃការប៉ុនប៉ង​កាន់កាប់ ពី​សំណាក់ពួក​ហូឡង់​ផងដែរ ប៉ុន្តែត្រូវបរាជ័យ​ម្តងហើយ​ម្តង​ទៀត។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៦២២ ជនជាតិហូឡង់​បានវាយប្រហារ​តំបន់ម៉ាកាវ ក្នុងបំណង​ចង់ផ្ទេរតំបន់​ម៉ាកាវ ទៅក្រោមការគ្រប់គ្រង​របស់ហូឡង់ ប៉ុន្តែត្រូវក្រុម​ព័រទុយហ្គាល់​វាយបំបាក់។ ចាប់ពីពេល​នោះមក ពួកហូឡង់ មិនបានព្យាយាម​វាយដណ្តើម តំបន់ម៉ាកាវ​ម្ដងទៀតឡើយ។ ភាគច្រើនអ្នក​ដែលទប់ទល់នឹង​ពួកហូឡង់ គឺពួកទាសករ​អាហ្រ្វិក ក្នុងនោះមាន​តែទាហាន​ព័រទុយហ្គាល់ និងបូជាចារ្យ​តិចតួច​ប៉ុណ្ណោះ។

បន្ទាប់ពីសង្គ្រាម​អាភៀនលើកទី១ ពួកព័រទុយហ្គាល់ បានកាន់កាប់​កោះនតាហ្វីប៉ា និងកូឡូន ក្នុងឆ្នាំ១៨៥១ និងឆ្នាំ១៨៦៤។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៨៨៧ រាជវង្ស ឈីង(Qing) និងព័រទុយហ្គាល់ បានចុះហត្ថលេខា​លើសន្ធិសញ្ញា Peking ចិន-ព័រទុយហ្គាល់ ដោយរដ្ឋាភិបាល​ចិនបានប្រគល់​សិទ្ធិគ្រប់គ្រង និងរដ្ឋាបាល​នៃដែនដីម៉ាកាវ​ដល់ប្រទេស​ព័រទុយហ្គាល់ ស្របតាម​សេចក្តីថ្លែងការណ៍​នៃពិធីសារ លីសបោន (Lisbon)។ ជាការ​ឆ្លើយតប រដ្ឋាភិបាលម៉ាកាវ នឹងសហការ​ជាមួយការជួញ​ដូរអាភៀន​របស់​ហុងកុង ក្នុងប្រទេស​ឥណ្ឌា ហើយប្រទេស​ចិនរងចាំទទួល​បានផលចំណេញ​ពីពន្ធគយ។ ទីបំផុតម៉ាកាវ​បានក្លាយជា​ដែនដី​ ក្រោមការគ្រប់គ្រងរបស់ព័រទុយហ្គាល់​ជាផ្លូវការ។

នៅឆ្នាំ១៩២៨ បន្ទាប់ពីរាជវង្សឆេង ត្រូវបានផ្តួលរំលំ​ដោយសារ​បដិវត្តន៍ Xinhai រដ្ឋាភិបាល គូមីងតាង បានជូនដំណឹង​ជាផ្លូវការដល់ប្រទេស​ព័រទុយហ្គាល់ថា នឹងលុបចោល​សន្ធិសញ្ញាមិត្តភាព និងពាណិជ្ជកម្ម​ចាស់ ហើយមហាអំណាច​ទាំងពីរបាន​ចុះហត្ថលេខា​សន្ធិសញ្ញា មិត្តភាព និងពាណិជ្ជកម្មចិន-ព័រទុយហ្គាល់ថ្មី ជំនួសឱ្យសន្ធិសញ្ញា​ដែលត្រូវបាន​លុបចោល។ វាផ្លាស់ប្តូរតែ​បទប្បញ្ញត្តិមួយ​ចំនួន​ ទាក់ទងនឹងគោលការណ៍​ពន្ធ និងបញ្ហាទាក់ទង​នឹងកិច្ចការពាណិជ្ជកម្ម​ប៉ុណ្ណោះ។ សន្ធិសញ្ញាថ្មី​ មិនបានផ្លាស់​ប្តូរអធិបតេយ្យ​ភាព​របស់ម៉ាកាវ​ឡើយ ហើយរដ្ឋាភិបាល​ព័រទុយហ្គាល់​អាចគ្រប់គ្រង​លើម៉ាកាវ ក៏មិនបាន​ផ្លាស់ប្តូរ​ដូចគ្នា។

ក្នុងអំឡុងនៃ​សង្គ្រាមលោក​លើកទី២ បន្ទាប់តំបន់​ទីម័រ ​ដែលធ្លាប់ស្ថិតក្រោម​ការគ្រប់គ្រងរបស់​ព័រទុយហ្គាល់​ ត្រូវធ្លាក់ក្រោម​ការគ្រប់គ្រង​របស់ជនជាតិ​ជប៉ុន​ នៅឆ្នាំ១៩៤២​នោះ ប្រទេស​ជប៉ុន នៅតែគោរព​អព្យាក្រឹត​របស់ព័រទុយហ្គាល់ នៅតំបន់​ម៉ាកាវ។ តំបន់​ម៉ាកាវ នៅតែអាច​បន្តរីករាយ ជាមួយនឹងភាព​រុងរឿងនៃសេដ្ឋកិច្ច ក្នុងនាមជាកំពង់​ផែអព្យាក្រឹត​​តែមួយគត់ នៅក្នុងភាគខាងត្បូង​ប្រទេស​ចិន។ មួយខែ​ក្រោយមក ជប៉ុន​បានទាមទារ​​ឱ្យមានការ​បង្កើត «ទីប្រឹក្សា» ជប៉ុន​នៅទីនោះ ដោយបានគំរាមកំហែង​វាយដណ្តើម​ដោយប្រើប្រាស់​កម្លាំងយោធា​ ប្រសិនបើមិន​គោរពតាម​ការបញ្ជា។ ជាលទ្ធផល គឺអាណាព្យាបាល​ជប៉ុននិម្មិតឡើង ត្រូវបានបង្កើត​នៅតំបន់​ម៉ាកាវ។

បន្ទាប់ពីរក​ឃើញថា «តំបន់ម៉ាកាវអព្យាក្រឹត» គ្រោងនឹង​លក់ឥន្ធនៈ​ឱ្យទៅប្រទេស​ជប៉ុននោះ យន្ដហោះ​សហរដ្ឋអាមេរិក​បានវាយប្រហារ និងបំផ្លាញឃ្លាំង​ផ្ទុកប្រេងរបស់​ម៉ាកាវ​ថែមទៀត​ផង។ អាមេរិកបាន​ធ្វើការបាញ់ប្រហារ​តំបន់ ម៉ាកាវ តាមផ្លូវការអាកាស​នាថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៤៥ ។ បន្ទាប់ពី​ការតវ៉ាពីសំណាក់​រដ្ឋាភិបាល​ព័រទុយហ្គាល់ នៅឆ្នាំ១៩៥០ សហរដ្ឋអាមេរិក​បានបង់ប្រាក់​ចំនួន ២០,២៥៥,៩៥២ដុល្លារ​អាមេរិក (ជាង ២០លានដុល្លារ)​ ទៅឱ្យរដ្ឋាភិបាល​ព័រទុយហ្គាល់ជាសំណង។

បន្ទាប់ពី​ការបង្កើតសាធារណរដ្ឋ​ប្រជាមានិតចិន​ នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលក្រុង​ប៉េកាំង បានប្រកាស​ចាត់ទុកថា សន្ធិសញ្ញា​ចិន-ព័រទុយហ្គាល់ជា «សន្ធិសញ្ញា​មិនស្មើភាពគ្នា» ដោយសារវា​បានដាក់ដែនដី​ចិន ឲ្យជនបរទេស​គ្រប់គ្រង។ ទោះជាយ៉ាង​ក្តីដោយរដ្ឋាភិបាល​ទីក្រុងប៉េកាំង មិនបានត្រៀម​ខ្លួនរួចរាល់​ ដើម្បីដោះស្រាយ​សន្ធិសញ្ញានេះ​ទើបព្យាយាមរក្សា​សុវត្ថិភាព​តំបន់ ដោយរង់​ចាំរហូតដល់​មានពេល​វេលាសមរម្យ។ ឥទ្ធិពលនៃបដិវត្តន៍វប្បធម៌​នៅចិនដីគោក និងដោយ​មិនពេញចិត្ត​ជាមួយរដ្ឋាភិបាល​ព័រទុយហ្គាល់ បណ្តាលឱ្យ​កុប្បកម្មផ្ទុះឡើងនៅ​ម៉ាកាវនៅ​ឆ្នាំ១៩៦៦។

នៅក្នុង​ហេតុការណ៍នោះ មានឧប្បត្តិហេតុ​កើតឡើង បណ្តាលឱ្យមាន​មនុស្ស ០៦នាក់ស្លាប់ និងជាង ២០០នាក់បាន​រងរបួស។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦៧ រដ្ឋាភិបាល​ព័រទុយហ្គាល់ បានធ្វើការ​សុំទោសជាផ្លូវការ​ ដោយទទួល​យកកំហុស។ មិនយូរប៉ុន្មាន​ក្រោយ​ពីបដិវត្តន៍ Carnation ឆ្នាំ១៩៧៤ របស់ព័រទុយហ្គាល់​បានផ្តួលរំលំ​ របបផ្តាច់ការ​អេស្តាដូណូវូ (Estado Novo) រដ្ឋាភិបាលថ្មី​បាន​សន្យាថា នឹងលះបង់ដែនដី​កម្មសិទ្ធិនៅបរទេស​ទាំងអស់។ នៅឆ្នាំ១៩៧៦ សន្ធិសញ្ញា​លីសបោនបានកំណត់​ថា «តំបន់ម៉ាកាវ​ជាដែន​ដីចិន»

បីឆ្នាំក្រោយ​មកព័រទុយហ្គាល់ និងចិន​បានយល់ព្រមចាត់​ទុកម៉ាកាវថា ជា «ដែនដីចិន ក្រោមរដ្ឋបាល​ព័រទុយហ្គាល់​បណ្តោះអាសន្ន»។ រដ្ឋាភិបាលចិន និងព័រទុយហ្គាល់ បានចាប់ផ្តើមការចរចាជាថ្មី​នៅខែមិថុនា ឆ្នាំ១៩៨៦។ ភាគីទាំងពីរ​បានចុះហត្ថលេខា​ លើសេចក្តី​ថ្លែងការណ៍រួម​ចិន-ព័រទុយហ្គាល់ ដោយដាក់​ម៉ាកាវជាតំបន់​រដ្ឋបាលពិសេស​ នៃប្រទេស​ចិន។

រដ្ឋាភិបាលចិនបាន​ទទួលយកនូវ​អធិបតេយ្យភាព​លើតំបន់ម៉ាកាវ ជាផ្លូវការនៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ ជាតំបន់រដ្ឋបាល​ពិសេស ដែល​ហៅកាត់ថា SAR បន្ទាប់ពីស្ថិត​ក្រោមការគ្រប់គ្រង​ នៃអាណានិគមព័រទុយហ្គាល់​ជាង ៤០០ឆ្នាំ។ ព្រឹត្តិការណ៍នេះ ត្រូវបានកត់​សម្គាល់ថា ជាការបញ្ចប់​នៃចក្រភព​ព័រទុយហ្គាល់ និងអាណានិគម​និយមអឺរ៉ុប​នៅអាស៊ី​ផងដែរ។ សេដ្ឋកិច្ច​តំបន់នេះ ចាប់តាំងពី​ពេលនោះមក​បានបន្តរីក​ចម្រើន ដោយពឹងផ្អែក​លើកំណើនទេសចរណ៍​ពីចិនដីគោក និងការកសាង​កាស៊ីណូថ្មីៗ​ ដែលរីកលូតលាស់​គួរឱ្យកត់​សម្គាល់។

សេចក្តីថ្លែងការណ៍​រួមចិន-ព័រទុយហ្កាល់ និងច្បាប់មូលដ្ឋាន​ដែលជារដ្ឋធម្មនុញ្ញ​របស់ម៉ាកាវ ដែលប្រកាស​ដាក់ឱ្យអនុវត្តន៍ ដោយសភាជាតិ​ប្រជាជនចិន​ក្នុងឆ្នាំ១៩៩៣ បានបញ្ជាក់​ថា សង្គម និងប្រព័ន្ធសេដ្ឋកិច្ច របៀបរស់នៅ សិទ្ធិ និងសេរីភាព​របស់តំបន់ម៉ាកាវ​ នៅតែរក្សា​ដូចដើម (តាមបែប​ព័រទុយហ្គាល់) មិនត្រូវ​ផ្លាស់ប្តូរ ដោយរង់ចាំ​រយៈពេលយ៉ាងហោច​ណាស់ ៥០ឆ្នាំ បន្ទាប់ពីការផ្ទេរ​អធិបតេយ្យភាព​ពីព័រទុយហ្គាល់​ ទៅប្រទេសចិន​ក្នុងឆ្នាំ១៩៩៩។
ក្រោម​គោលការណ៍នៃ «ប្រទេសតែមួយ ប្រព័ន្ធពីរ» បច្ចុប្បន្ន​តំបន់ ម៉ាកាវ នៅតែអាច​រីករាយជាមួយនឹង​សិទ្ធិ​ប្រកបដោយស្វ័យភាព​ខ្ពស់ នៅក្នុងគ្រប់វិស័យទាំងអស់ លើកលែងតែ​កិច្ចការការពារជាតិ និងកិច្ចការ​បរទេសប៉ុណ្ណោះ។ ម៉ាកាវ​បន្តប្រើប្រាស់​រូបិយប័ណ្ណផ្ទាល់​ខ្លួន គឺលុយ (ប៉ាតាកា) Macanese pataca ដើម្បីគ្រប់គ្រង​លើពន្ធគយ ត្រួតពិនិត្យសកម្មភាពអន្តោប្រវេសន៍ តាមព្រំដែន​ដូចមុន។ សរុប​សេចក្តីទៅ​ វត្តមានរបស់ព័រទុយហ្គាល់ជា​ ៤០០ឆ្នាំនេះហើយ ទើបជាកត្តាបណ្តាលឲ្យ ស្ថានភាពនៅតំបន់ម៉ាកាវ ត្រូវបានផ្លាស់ប្តូរដូច​មកទល់នឹងបច្ចុប្បន្ន៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ Wikipedia