(អាមេរិក)៖ ក្រុម​អ្នកស្រាវជ្រាវ​​នៃសាកល​វិទ្យាល័យ Alaska Fairbanks បាន​រកឃើញនូវ​ការភ្ញាក់ផ្អើល​មួយ នោះគឺដំណើរនៃ​ការ​វិវឌ្ឍយឺតៗនៃ​សណ្ឋានដី ដែលជាសញ្ញា​មួយអាចឲ្យគេ ធ្វើការព្យាករណ៍​គ្រោះរញ្ជួយដី​បាន នៅក្នុង​តំបន់​ភាគកណ្តាល​របស់​រដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក​នេះ ទៅថ្ងៃអនាគត។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ ស៊ីនហួរ នាយប់​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។

ការសិក្សាដឹកនាំ​​ដោយអ្នក​ជំនាញ Carl Tape នៃសាកល​វិទ្យាល័យ​ខាង​លើនេះ បាន​បញ្ជាក់ថា លោកបានរក​​ឃើញភស្តុតាង ដែលបាន​បន្សល់ទុក​កាល​ពីគ្រោះ​រញ្ជួយដី​បានកើតឡើង​នៅតំបន់ Mino Flats នៃភាគ​កណ្តាល​​រដ្ឋ​អាឡាស្កា កាលពី​ឆ្នាំ២០១៦ កន្លង​ទៅនេះ។ ភស្តុតាងទាំង​នោះរួមមាន រលក​សញ្ញា​រយៈពេល​វែង និងខ្លី ដែល​ត្រូវបាន​​​ថតទុក​ ដោយ​ស្ថានីយតាម​ដាន​សកម្មភាព​រញ្ជួយដី​ជាដើម។

លោក Tape បានបន្ត​ទៀតថា ការបង្ហាញសញ្ញាតិចៗ​រហូតឈានដល់​គ្រោះរញ្ជួយ​ខ្លាំងខាង​លើនេះ កន្លងមកត្រូវបាន​គេអង្កេតឃើញ​មាន តាមរយៈការប្រើ​ឧបករណ៍​ពិសោធន៍​​នានា​តែប៉ុណ្ណោះ។ គំរូស្រដៀង​គ្នានេះ ក៏បានកើត​មានផងដែរ កាលពី​ឆ្នាំ២០១៥ នៅ​ពេលស្ថានីយ​តាមដាន​គ្រោះរញ្ជួយដី បានថតទុក​នូវរលកសញ្ញា​រយៈពេលវែង ដែលមាន​​ដំណើរយឺតៗ​បំផុត ដែលជាធម្មតា​គេឃើញមានតែ​នៅក្នុងតំបន់ ធ្លាប់​ទទួល​រងគ្រោះ​រញ្ជួយដីពីរយៈ​ជម្រៅដីជ្រៅៗ​តែ​ប៉ុណ្ណោះ។

សកម្មភាព​ខាងលើនេះ បានបង្ហាញអំពី​សកម្មភាពស្រាលៗ​មានការ​ប្រមូលផ្តុំ ឬមួយ​ក៏រួម​បញ្ចូលគ្នា​នៅតំបន់ចំណុចកណ្តាល ខាងក្រោម​ស្រទាប់ដី ប៉ុន្តែវាមិន​​បាន​បង្ក​ទៅជា​គ្រោះ​រញ្ជួយដីនោះ​ទេ។ ការសិក្សាអំពី​ចំណុចនេះ ត្រូវបានក្រុម​អ្នកវិទ្យាសាស្ត្រ​សន្មត់​ថា គឺជាសញ្ញាវិជ្ជមាន​ ព្រោះទោះបីជាការ​ប្រមូលផ្តុំ​នៃរលកសញ្ញាតិចៗ​នោះ​ បង្ក​ជា​គ្រោះរញ្ជួយដី ឬមិនបង្កក៏ដោយ ក៏គេអាច​ចេញសញ្ញា​ប្រកាសអាសន្ន​ទុក​ជាមុនទាន់ពេល ដើម្បី​ឲ្យមនុស្សម្នា​មានការប្រុង​ប្រយ័ត្ន ចំពោះរញ្ជួយដី​​ ដែលមានលទ្ធភាព​អាចកើត​​ឡើងនេះ។

គួរបញ្ជាក់ថា នៅក្នុងពិភពលោក​យើងនេះ គ្រោះរញ្ជួយដី គឺមិនទាន់មាន​វិធី​ណាមួយ​អាចធ្វើការព្យាករណ៍​ទុកជាមុនបានច្បាស់លាស់បំផុតនោះ​ឡើយ ដែលជាហេតុនាំឲ្យ​សោកនាដកម្ម​​តែងតែបាន​កើតមាន​ឡើង ទៅតាមកម្រិត​នៃរំញ័រដីខ្លាំង ឬខ្សោយ ដែលមនុស្សម្នា​មិនអាច​ត្រៀមខ្លួនទុក​ជាមុននោះឡើយ ដូចជា​នៅ​ប្រទេសជប៉ុន តំបន់អាមេរិក​កណ្តាល ឬក៏ប្រទេស​ចិនជា​ដើម។

បច្ចុប្បន្ន​ក្រុមអ្នក​វិទ្យាសាស្ត្រ នៃប្រទេស​ធំៗ​​ដូចជា​ សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងសហភាពអឺរ៉ុប​ជាដើម នៅតែព្យាយាម​​ធ្វើការ​សិក្សា​បន្ត ដើម្បីស្វែង​យល់​ពីសញ្ញាធម្មជាតិ​​ណាមួយ ដែលអាច​ឲ្យគេដឹងថា ជិតមាន​រញ្ជួយដី​កើតឡើង ដូចជាពេលនេះ​លទ្ធផលសិក្សា​នៅអាឡាស្កា វាអាច​ចាត់ទុកបានថា ជាសញ្ញា​ដ៏​ប្រសើរ​មួយ នៃក្តីសង្ឃឹមទៅរកការ​គណនា​ឲ្យដឹងជាមុន ថានឹងមានគ្រោះរញ្ជួយដី​ កើតឡើងនៅ​តំបន់ណា​មួយ៕