(ម៉ូស្គូ)៖ ការព្យាយាម​របស់បរទេស​ (សហរដ្ឋអាមេរិក) ក្នុងការលូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុងរបស់ប្រទេស​វេណេស៊ុយអេឡា គឺជាចេតនា​បំផ្លិចបំផ្លាញ។ នេះ គឺជាសម្ដី​អគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក លោក អាណាតូលី អានតូណូវ (Anatoly Antonov) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។

លោក Antonov ធ្វើការកត់​សម្គាល់បែប​នេះ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ផ្ញើជូនអង្គការ​នៃរដ្ឋក្នុងតំប​ន់ទ្វីបអាមេរិក (OAS) នៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ អគ្គរដ្ឋទូត​រុស្ស៊ីរូបនេះ បានគូសបញ្ជាក់​យ៉ាង​ដូច្នេះថា «​ការព្យាយាម​លូកដៃចូលកិច្ចការ​ផ្ទៃក្នុង​វេណេស៊ុយអេឡា និងបង្កឱ្យ មានជម្លោះ​ជុំវិញវេណេស៊ុយអេឡា​ជាថ្មី គឺជាចេតនាបំផ្លិចបំផ្លាញ។ ចំណែក​ឯ ការចាត់វិធានការរឹតត្បិត​ និងទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង នឹងរដ្ឋអធិបតេយ្យ​មួយ គឺជាទង្វើខុសច្បាប់​ ដោយរំលោភលើ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ»

លើសពីនេះ​ទៅទៀត បើតាម​លោក Antonov ការមិនទទួល​ស្គាល់លទ្ធផលបោះ​ឆ្នោត​វេណេស៊ុយអេឡា អាចនឹងបង្ក​ជាអស្ថេរភាព នៅក្នុង​ប្រទេស​វេណេស៊ុយឡា និង​តំបន់ទាំង​មូល ហើយថា ដំណោះស្រាយតែមួយគត់​សម្រាប់វិបត្តិ​នៅវេណេស៊ុយអេឡា​ គឺកិច្ចសន្ទនា និងការផ្សះផ្សា​រវាងបក្ស​ប្រឆាំង និងបក្ស​កាន់​អំណាច។

គួរជម្រាបថា កាលពីថ្ងៃចន្ទ​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បានជំរុញរដ្ឋ​ជាសមាជិក OAS​ ទាំងអស់​បង្កើនការដាក់​សម្ពាធ និងទណ្ឌកម្មលើ​វេណេស៊ុយអេឡា ហើយថា​ការដកទីក្រុងការ៉ាកាស់​ចេញពីអង្គការមួយនេះ​ គឺជាសារមួយដ៏រឹងមាំ ផ្ញើជូនរដ្ឋាភិបាល​ប្រធានាធិបតី​ លោក នីកូឡាស់ ម៉ាឌូរ៉ូ៕