(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នឹងមិនចេញថ្លៃ​ចំណាយ​លើក្រុមមន្ត្រី​កូរ៉េខាងជើង អំឡុងពេល​ស្នាក់នៅក្នុង​ប្រទេស​សិង្ហបុរី នាឱកាស​ចូលរួមកិច្ចប្រជុំ​រវាងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះទេ។ នេះបើតាម​ក្រសួង​ការបរទេស​អាមេរិក ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។

ការចំណាយ​លើការស្នាក់​នៅ ច្បាស់ណាស់នឹងក្លាយជា​បញ្ហាសម្រាប់​កូរ៉េខាងជើង ខណៈលោក គីម ត្រូវបានគេរាយការណ៍ថា នឹងស្នាក់​នៅក្នុងសណ្ឋា​គារប្រណិតៗ​ដូចជា ហ្វូល្លឺតុន (Fullerton) ឬក៏ រ៉េជីស (St. Regis) ជាដើម។ ប៉ុន្តែជុំវិញ​បញ្ហានេះដែរ អ្នកនាំពាក្យក្រសួង​ការបរទេស​អាមេរិក លោកស្រី ហ៊ីធើ ណត (Heather Nauert) បានបញ្ជាក់ថា សហរដ្ឋអាមេរិក​មិនមែនជាអ្នក​ធានារ៉ាប់រង​ លើការចំណាយ​របស់​ក្រុមមន្ត្រី កូរ៉េខាងជើង​ឡើយ។

លោកស្រី Nauert លើកឡើង​យ៉ាងដូច្នេះថា «រដ្ឋាភិបាល​អាមេរិក នឹងមិនចេញថ្លៃ​ចំណាយសម្រាប់​ប្រតិភូកូរ៉េខាង​ជើង អំឡុងពេល​ស្នាក់នៅក្នុង​ប្រទេសសិង្ហបុរី​នោះទេ... យើងនឹងមិនចេញថ្លៃ​ចំណាយសម្រាប់​ពួកគេ​ឡើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ​សេតវិមានបានប្រកាសថា ជំនួបលើក​ដំបូង​រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវ​ប្រព្រឹត្តទៅនៅ​ឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៅម៉ោង ៩៖០០នាទីព្រឹក​ថ្ងៃអង្គារ ទី១២ ខែមិថុនា នាសប្តាហ៍ក្រោយនេះ៕