(លីទុយអានី)៖ ប្រធានាធិបតីលីទុយអានី​លោក ដាលៀ គ្រីបូសកេត (Dalia Grybauskaite) នាដើម​សប្តាហ៍នេះ​បានអញ្ជើញចុះបំពេញទស្សនកិច្ច​ និងសាទរ​ចំពោះ​សមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំ Baltops 18 ដែលផ្តោត​ទៅលើការហ្វឹកហាត់​ នៅលើ​ដែនសមុទ្រ ហើយលោក​បានលើកឡើង​ថា វាគឺជាការ​ស្តែង​ឲ្យឃើញចំពោះ មាត្រា​៥របស់អង្គការ NATO ​ដែលចែង​ថា ការវាយប្រហារលើ​សម្ព័ន្ធមិត្តមួយ គឺជា​ការ​វាយ​ប្រហារ​​ប្រឆាំង​នឹង​សម្ព័ន្ធ​មិត្ត​​ទាំង​អស់​នោះ​ ពិតជាមាន​ប្រសិទ្ធភាព ហើយ​គោលការណ៍​ការពារជារួម​ពិតជាអាច​ទៅរួច។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់​ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥​ ខែមិថុនា ឆ្នាំ២០១៨។

លោកប្រធានាធិបតី​លីទុយអានី បានគូសបញ្ជាក់ថា សមយុទ្ធយោធា​ដែនសមុទ្រនេះ គឺជាសមយុទ្ធធំ​បំផុតមួយនៅ​ក្នុងតំបន់ ដែលមាន​ការ​ចូលរួមពីនាវា​ទ័ពជើងទឹក ៥០គ្រឿង, យន្តហោះ ៦០គ្រឿង និងកងទ័ពសរុប ៥,០០០នាក់ មកពី​២២ប្រទេស។ ជាមួយគ្នានេះ​ នាឱកាស​នៃការ​ចុះទស្សនកិច្ច​នេះ លោក Grybauskaite ក៏បានពិភាក្សា​អំពីការពង្រឹង​វិស័យការពារជាតិ​នៅក្នុងតំបន់ ជាមួយមេបញ្ជាការ​ទ័ពជើងទឹក​អាមេ​រិក ប្រចាំនៅ​អឺរ៉ុប​ផងដែរ។

គួរជម្រាបថា សមយុទ្ធ Baltops 18 ត្រូវបានប្រារព្ធ​ឡើងស្របទៅជាមួយ​សមយុទ្ធ Thunder Storm 2018 ដែលជាសមយុទ្ធ​យោធាធំបំផុត​​របស់លីទុយអានី និងមានការ​ចូលរួមពីកងទ័ព ៩,០០០នាក់ ព្រមទាំង​សមយុទ្ធ Saber Strike 2018 ជាសមយុទ្ធយោធា​អន្តរជាតិ ដែលមាន​ការ​ចូលរួមពីកងទ័ព​ចំនួន ១៨,០០០នាក់ ពីប្រទេស​ចំនួន ១៩ ដែលមានពលទាហាន​ហ្វឹកហាត់​នៅប្រទេស​លីទុយអានី និងប្រទេសជិត​ខាង​មួយចំនួន​ទៀត​រួមមាន ឡាតវី (Latvia), អេស្តូនី, និងប៉ូឡូញ។

នាប៉ុន្មានឆ្នាំ​ចុងក្រោយនេះ លីទុយអានី ដែលជារដ្ឋតូច​មួយនៅតំបន់​សមុទ្របាល់ទិច ជាមួយប្រជាជន​មិនដល់ ០៣លាននាក់ផងនោះ ព្រមទាំង​​ប្រទេស​ជាសមាជិក​របស់ NATO ដែលស្ថិតនៅ​អឺរ៉ុបខាងកើត បានបង្កើន​ការធ្វើលំហាត់យោធា​របស់ខ្លួន, ដំឡើងការ​ចំណាយលើវិស័យ​​យោធា, និងបានស្នើឲ្យ​មានការបង្កើន​វត្តមានរបស់កង​ទ័ព នៃប្រទេសជា​សម្ព័ន្ធមិត្តថែម​ទៀតផង ក្រោមហេតុផល​ការពារភាពតានតឹង ​ផ្នែក​សន្តិសុខ​នៅអឺរ៉ុប​ខាងកើត៕