(សេអ៊ូល)៖ យោធា​កូរ៉េខាងត្បូងមានគម្រោងថា នឹងព្យាយាមមិនឲ្យមាន​ការផ្សព្វផ្សាយព័ត៌មាន​ជុំវិញ ការធ្វើសមយុទ្ធយោធា​នាពេលខាងមុខ​នេះ​ ជាមួយ​សហរដ្ឋអាមេរិក​ឡើយ ទោះបីជាខ្លួន​នឹងនៅតែបន្ត​យុទ្ធនាការធ្វើលំហាត់យោធា​រួម​ប្រចាំឆ្នាំ​ តាមកាលកំណត់​យ៉ាង​ណាក្តី។ នេះ​បើ​តាម​​ការ​​បញ្ជាក់​​​ពី​​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

លោក លី ជីនវូ (Lee Jin-woo) អ្នកនាំពាក្យរង នៃក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មាន​ខ្លីមួយថា សមយុទ្ធយោធា​រួម​​ប្រចាំឆ្នាំរវាង​​ទីក្រុង​សេអ៊ូល​ និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវប្រព្រឹត្ត​ទៅតាមគម្រោង​ដដែល។ ប៉ុន្តែ​លោក Lee បានគូស​បញ្ជាក់យ៉ាងដូច្នេះ​វិញថា​ យោធាកូរ៉េខាងត្បូង នឹងប្រឹងប្រែង​ឲ្យអស់ពី​សមត្ថភាព ព្យាយាមយ៉ាង​ណាឲ្យលំហាត់​យោធា​នាពេលខាងមុខនោះ មានភាព​បើកចំ​ហ​ខ្លាំង ​ឬត្រូវបាន​ផ្សព្វផ្សាយយ៉ាង​គគ្រឹកគ​គ្រេងនោះ​ឡើយ។

គួរជម្រាបថា ការបញ្ជាក់របស់​អ្នកនាំពាក្យក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ត្រូវបាន​ធ្វើឡើង បន្ទាប់ពីប្រមុខការពារ​ជាតិកូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) និងសមភាគី​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានបើកកិច្ចពិភាក្សា​នៅឯ​ឱកាសចូលរួម​កិច្ចប្រជុំសន្តិសុខ​អាស៊ី នៅប្រទេស​​សិង្ហបុរី ឬ​កិច្ចសន្ទនា ហ្សាគ្រីឡា (Shagri-La)។ លោក Song និង លោក Mattis បានព្រមព្រៀង​គ្នាធ្វើយ៉ាងណា កុំឲ្យសមយុទ្ធ​យោធារួមនាពេល​អនាគត​​​​មានភាព​សំញែង​ខ្លាំងពេក៕