(អឺរ៉ុប)៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងបំពេញ​ដំណើរទស្សន​កិច្ចទៅ​កាន់អឺរុប នៅក្នុងសប្ដាហ៍នេះ ដើម្បីស្វែងរក​ការគាំទ្រក្នុងការកែ​ប្រែឡើងវិញ​ នូវកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរជាមួយ​អ៊ីរ៉ង់ ព្រមទាំង មធ្យោបាយ​ធ្វើយ៉ាងណាបង្ខំ​ឱ្យកងកម្លាំង​អ៊ីរ៉ង់ ដកខ្លួនចេញ​ពីទឹកដី​ស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ABC News នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​ការគ្រោង​ទុក លោក ណឺតាន់យ៉ាហ៊ូ នឹងត្រូវជួប​ពិភាក្សាការងារ​ជាមួយមេដឹកនាំ​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ ដោយ លោកនឹងផ្ដើម​ជំនួបដំបូង​គេជាមួយ​អធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នៅ​ថ្ងៃចន្ទនេះ។ ដោយឡែក ថ្លែងទៅកាន់ គណៈរដ្ឋមន្ត្រី​របស់លោក​កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ ក៏បានបញ្ជាក់ចំៗ​ដែរថា សំណុំរឿង​អ៊ីរ៉ង់នឹង​ក្លាយជា របៀបវារៈ​សំខាន់ក្នុងដំណើរ​ទស្សនកិច្ចនេះ។

«អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ យើងបាន​ប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់តែម្នាក់ឯង ហើយខ្ញុំគិតថា ស្ថានភាពបែបនេះ​នឹងផ្លាស់ប្ដូរទៅរក​ភាពប្រសើរ​ឡើង»។ នេះបើតាម​លោក ណឺតាន់យ៉ាហ៊ូ។

គួររំលឹកថា លោក ណឺតាន់យ៉ាហ៊ូ បានសម្ដែង​ការគំាទ្រយ៉ាងពេញ​ទំហឹង​ ចំពោះការសម្រេច​ចិត្តដក​សហរដ្ឋអាមេរិក​ ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ កាលពីឆ្នាំ២០១៥ ដោយ​លោក ដូណាល់ ត្រាំ កាលពីខែឧសភា​កន្លងទៅ បើទោះជាមេដឹក​នាំ​អឺរ៉ុបភាគច្រើន ជំទាស់នឹងការ​សម្រេចចិត្តនេះ​ក៏ដោយ។ មិនតែ​ប៉ុណ្ណោះ លោក ណឺតាន់​យ៉ាហ៊ូ ថែមទាំងធ្វើការ​ព្រមាន អមទៅ​ដោយការសន្យាព្រមគ្នា​ដែរថា អ៊ីស្រាអែល នឹងមិនបណ្ដោល​ឱ្យអ៊ីរ៉ង់​បង្កើតវត្តមាន​យោធា​អចិន្ត្រៃយ៍​ នៅលើទឹកដីស៊ីរី​ជាដាច់​ខាត៕