(ហ្គាតេម៉ាឡា)៖ បន្ទុះភ្នំភ្លើងនៅ​ហ្គាតេម៉ាឡា ពិតជាព្រឹត្តិការណ៍​ដ៏គួរឲ្យរន្ធត់បំផុត​នៅពាក់​កណ្តាលឆ្នាំ២០១៨នេះ ក៏ព្រោះតែ​កម្អែរដ៏ក្តៅគគុក បានហូរចុះ​ពីកំពូល​ភ្នំភ្លើង​ក្រោយ​ពីវាបានផ្ទុះ មកស្រោចលើភូមិឋានរបស់ប្រជាជននៅ​ក្បែរនោះ និងសម្លាប់​ជីវិត​មនុស្សម្នា​ចំនួន ២៥នាក់ និងជិត ៣០០នាក់​រងរបួស។ នេះបើតាម​ការ​ចេញផ្សាយ​ព័ត៌មានចុង​ក្រោយបំផុត នៅរសៀល​ថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

ក្រៅពីនេះ​មនុស្សប្រមាណ ១.៧លាននាក់ បានទទួលរង​ផលប៉ះពាល់ ដោយសារគ្រោះ​ធម្មជាតិខាង​លើនេះ និងជាង ៣,០០០នាក់ ត្រូវបាន​ជម្លៀសខ្លួនចេញ​ទៅកាន់​ទីសុវត្ថិភាព។ បើតាមរដ្ឋាភិបាល​ហ្គាតេម៉ាឡា ចំនួនមនុស្ស​ស្លាប់អាចនឹងមាន​ការកើនឡើង​ថែមទៀត ដោយសារ​តែឧ​បសគ្គផ្សេងៗ នៅក្នុងកិច្ច​ប្រឹងប្រែង​ជួយសង្រ្គោះ។

គួរជម្រាបថា ភ្នំភ្លើង​ហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិច​រដ្ឋធានី​ហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ ហើយ​​​បានជះកម្អែរផេះ​ឡើងលើ​ផ្ទៃអាកាស​កម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរអះអាងថា ប្រហែលជាអាច​មាន​មនុស្ស​ស្លាប់ច្រើនបន្ថែម​ទៀត ក៏ព្រោះតែភូមិ​មួយនៅក្បែរភ្នំ​ភ្លើងនោះ ត្រូវបានកម្អែរក្តៅ​គគុក​​ហូរមកស្រោច​ពី​លើតែម្តង ដែលវា​ពិតជា​​ហេតុការណ៍​ដ៏គួរឲ្យរន្ធត់ និង​​សង្វេគ​បំផុត កម្រកើតមានខ្លាំងណាស់លើ​ផែនដី។

ខាងក្រោមនេះ គឺជាកម្រង​រូបភាព​នៃបន្ទុះភ្នំភ្លើង និងមហន្តរាយ​ដែលបាន​កើតមាន​ឡើងនៅ​ប្រទេស​ហ្គាតេម៉ាឡា៖