(គូឡាឡាំពួ)៖ ប៉ូលិស​ម៉ាឡេស៊ីបានចាប់ខ្លួនបុរស​ម្នាក់​ ជាប់ពាក់ព័ន្ធនឹង​ការបង្ហោះសារ​នៅលើ Facebook គំរាមបាញ់​សម្លាប់នាយក​រដ្ឋមន្ត្រី លោក មហាធៀ មហាម៉េដ ដែលបានប្រកាស​ការស៊ើបអង្កេតលើ​សំណុំរឿងពុករលួយ​ ជាប់ទាក់ទិង​នឹងអតីត​នាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

ជុំវិញការចាប់​ខ្លួននេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅ​ថ្ងៃចន្ទនេះ មេបញ្ជាការ​ប៉ូលិស លោក ម៉ូហាម៉េដ ហ្វូហ្ស៊ី ហារុន (Mohamad Fuzi Harun) បានឱ្យដឹងថា អាជ្ញាធរ​បានទទួលសេចក្ដី​រាយការណ៍​មួយ ពីអង្គការមូស្លីមមិនមែន​រដ្ឋាភិបាល ផេគីដា (Pekida) ជុំវិញការ​បង្ហោះសារ​ព្រមាន​បាញ់សម្លាប់លោក មហាធៀ នៅលើ Facebook កាលពី​ថ្ងៃទី៣១ ខែឧសភា។ «ជនសង្ស័យបាន​អះអាងថា គណនី Facebook របស់ខ្លួន​ត្រូវបាន​គេ Hack»។ នេះបើតាម​លោក Mohamad Fuzi ដោយបន្ថែមថា ជនសង្ស័យនឹង​បន្តស្ថិតនៅក្រោម​ការឃុំខ្លូន​រហូត​ដល់ថ្ងៃពុធ រីឯស៊ើបអង្កេតមួយនឹងត្រូវ​ធ្វើឡើង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​ម៉ាឡេស៊ី ជនសង្ស័យខាងលើ​ជាបុរសវ័យ ៣៨ឆ្នាំម្នាក់ ដែលជាសមាជិក​អង្គការ Pekida ហើយរូបគេត្រូវ​បានចាប់ខ្លួន​នៅឯផ្លូវ ហ្សាឡាន ប៊ែវែលី (Jalan Beverly Height) ស្ថិតនៅក្នុងទីក្រុង អាំប៉ាង (Ampang) កាលពីពេលព្រឹកថ្ងៃសៅរ៍​កន្លងទៅ​៕