(សេអ៊ូល)៖ ប្រមុខការទូត​នៃប្រទេសកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក បានបើក​កិច្ចសន្ទនាតាម​ទូរស័ព្ទនាថ្ងៃ​ចន្ទនេះ ដើម្បីជជែក​អំពីគម្រោង​កិច្ច​ប្រជុំកំពូល​រវាង​កូរ៉េខាងជើង និងអាមេរិក ដែលបានវិល​ទៅភាពប្រសើរ​ឡើងដូច​ដើមវិញ។ នេះបើតាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​​ចេញពី​ ទីភ្នាក់ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងសេអ៊ូល រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានពិភាក្សា​តាមប្រព័ន្ធទូរស័ព្ទ​ ជាមួយរដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) សម្រាប់រយៈពេល ១៥នាទី។

លោកស្រី Kang និង​លោក Pompeo បានផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជុំវិញស្ថានការណ៍​វិត្តន៍ថ្មីៗនេះ នៅក្នុងគម្រោង​ជំនួបកំពូល​កូរ៉េខាងជើង-អាមេរិក រួមមាន​ទាំង​ដំណើរទស្សនៈកិច្ច​ពីសំណាក់មន្រ្តីជាន់​ខ្ពស់ នៃរដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង លោក គីម យ៉ុងចុល (Kim Yong Chol) ទៅកាន់រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បីជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

គួរជម្រាបថា បន្ទាប់ពីបាន​ទទួលជួប​បេសកជន​ពិសេសរបស់ លោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានបញ្ជាក់​ច្បាស់ថា រូបលោកនឹង​ជួបជាមួយប្រមុខ​ដឹកនាំកំពូល​កូរ៉េខាងជើង តាមការកំណត់​ដូចពីខាងដើម​ដដែល នៅនា​ថ្ងៃទី១២ ខែមិថុនា នៅប្រទេស​សិង្ហបុរី ដែលខិត​ជិត​​ចូលមកដល់​ហើយ៕