(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់​មន្ទីរបញ្ចកោណ​ម្នាក់​បានឱ្យដឹងថា កងទ័​ព​អាមេរិក​នឹងមិនចាក​ចេញពីប្រទេស​ស៊ីរីឡើយ ហើយថា​រាល់​ការប៉ុនប៉ង​វាយប្រហារ​ណាមួយ​​មកលើកងទ័ព​អាមេរិក​ នឹងត្រូវទទួល​ចម្លើយតប​វិញដោយ​អាវុធ។ ការលើក​ឡើងនេះ​ គឺជាប្រតិកម្មឆ្លើយតប​ទៅនឹងបទសម្ភាសន៍​ជាមួយ Russian Today ​របស់ប្រធានាធិបតី​ស៊ីរីលោក បាស្សា អាល់ ស្សាដ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លោក​ឧត្ដមសេនីយ៍ ខិនណែត ម៉ាកខិនហ្ស៊ី (Kenneth McKenzie) បានលើក​ឡើង​ដូច្នេះថា «រាល់ភាគី​ទាំងអស់​នៅក្នុង​ប្រទេស​ស៊ីរី គួរតែយល់​ឱ្យច្បាស់ថា រាល់ការវាយប្រហារ​លើកងទ័ព​អាមេរិក ឬក៏កងកម្លាំង​ចំរុះរបស់​យើង គឺជាគោលនយោបាយ​ដ៏អាក្រក់ ដែលនឹង​ត្រូវទទួលការ​ឆ្លើយតបវិញ​ដោយ​អាវុធ»។

កងទ័ពអាមេរិក​ជាង ២,០០០នាក់ កំពុង​ឈរជើង​នៅក្នុង​ប្រទេសស៊ីរី ដើម្បីជួយគំាទ្រដល់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី SDF នៅឦសាន​នៃប្រទេសរួម​ទាំង​តំបន់ At-Tanf នៅភាគ ខាងត្បូងជាប់​ព្រំដែនជា​មួយ​ហ្ស៊កដានី។

ជុំវិញវត្តមានយោធា​អាមេរិកនេះ​ដែរ លោក McKenzie បាននិយាយ​ថា កងទ័ព​អាមេរិក និងកងជីវពល​ជាសម្ព័ន្ធមិត្តនៅ​ក្នុងតំបន់ នឹង​បន្តស្ថិតនៅក្នុងប្រទេសស៊ីរី​ជាបន្តទៀត។ «យើងនឹងបន្ត​ស្ថិតនៅទីនោះ ហើយគ្មានអ្វីផ្លាស់​ប្ដូរឡើយ។ ចំណែក​ឯការរក្សា​តំបន់គ្មានគឺ ជារឿងដ៏​សំខាន់​ ហើយយើង​នឹងពិនិត្យមើល​យ៉ាងហ្មត់ចត់​ ទៅលើរាល់សកម្មភាព​ដែលមានបំណង​ផ្លាស់ប្ដូរវា»។ នេះបើតាម​លោក McKenzie៕