(វ៉ាស៊ីនតោន)៖ គំរោងតម្លើងពន្ធរបស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបានផ្អាក​មួយរយៈមក​នេះ នឹងត្រូវចូលជាធរមាននៅ​ថ្ងៃសុក្រនេះ (ម៉ោងនៅ​អាមេរិក) ខណៈសម្ព័ន្ធ​មិត្តអាមេរិក​រងផលប៉ះពាល់ បានចាត់ទុក​គំរោងនេះថា​ ជាទង្វើ​ខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅសុក្រថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។

កាលពីខែមីនា​​កន្លងទៅ លោក ដូណាល់ ត្រាំ បានសម្រេច​បង្កើន​ពន្ធ​ ២៥ភាគរយ ទៅលើដែក​​ដែល​នាំ​​ចូល និង ១០ភាគរយ ទៅលើ​អាលុយមីញ៉ូម​​ដែល​នាំចូល។ ប៉ុន្តែដើម្បីស្វែងរក​កិច្ច​ព្រមព្រៀង​​ លើ​ការ​ចរចា​​​​ផ្នែក​ពាណិជ្ជកម្ម សេតវិមានបាន​ប្រកាស​កាលពី​ចុងខែមេសា​ពីការលើកលែង​​ ចំពោះការដំឡើងពន្ធ​​លើដែក និងអាលុយ​មីញ៉ូម សម្រាប់​ប្រទេស​ជា​សមាជិក​ ​នៃសហភាព​អឺរ៉ុបដោយត្រូវ​ពន្យារ រហូត​ដល់ថ្ងៃទី០១ ខែមិថុនា ដើម្បីទុកពេល ៣០ថ្ងៃ ចុងក្រោយ​​សម្រាប់ឲ្យ​ប្រទេស​​ទាំងនោះ។

យ៉ាងណាក៏ដោយ ប្រទេសកាណាដា មិចស៊ីកូ ជាពិសេស​គឺបារាំង​បានថ្កោលទោស​យ៉ាងខ្លាំងលើគំរោង​ដំឡើងពន្ធនេះ។ ជាក់ស្ដែង​នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទជាមួយ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី​បារាំង​លោក ម៉ាក្រុង បានហៅគំរោង​តម្លើងពន្ធ របស់សហរដ្ឋអាមេរិកថា ជាទង្វើខុសច្បាប់ ហើយថា​សហភាពអឺរ៉ុបនឹង​ចាត់វិធានការឆ្លើយ​យ៉ាងម៉ឺងម៉ាត់ និងសម​ស្រប បើទោះជាទីក្រុងប៉ារីស​កំពុងរីករាយ​នឹងទំនាក់ទំនង​ល្អ ជាមួយ​សហរដ្ឋអាមេរិក​ក៏ដោយ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានចេញ​មុខការពារគំរោង​តម្លើងពន្ធរបស់លោក​ជាច្រើនដង តាមរយៈការ​អះអាងថា ការសម្រេចចិត្ត​របស់លោក​ធ្វើឡើង​ ដើម្បីការពារអ្នក​ផលិតដែក​ថែប និងអាលុយអាមីញ៉ូម​អាមេរិក និងដោយសារ​តែការ​គំរាមកំហែង ពីការផ្គត់ផ្គង់​លើសតម្រូវការ​ទីផ្សារសកល៕