(ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរមក​ដល់រដ្ឋធានីព្យុងយ៉ាង​ហើយ នា​ថ្ងៃព្រហស្បតិ៍នេះ ដើម្បី​​បំពេញទស្សនកិច្ច​រយៈពេលត្រឹម​ ០១ថ្ងៃប៉ុណ្ណោះ នៅប្រទេស​កូរ៉េខាងជើង ក្រោមការអញ្ជើញ​ពីសំណាក់សមភាគី​លោក រី យ៉ុងហូ (Ri Yong Ho)។ នេះ​បើតាមសេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

សម្រាប់កាលវិភាគ​សម្រាប់ដំណើរបំពេញ​ទស្សនកិច្ចខាង​លើនេះ ពុំត្រូវបាន​បញ្ជាក់ឲ្យដឹង​ដោយភាគីកូរ៉េខាងជើង​ឡើយ ប៉ុន្តែ​ប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងទទួលជួបពិភាក្សា​ជាមួយលោក Lavrov។ បើតាមសេចក្តី​ប្រកាសព័ត៌មាន របស់​​ក្រសួងការបរទេសរុស្ស៊ីវិញ លោក​ Sergei Lavrov និងលោក Ri Yong Ho នឹងជជែកគ្នា​អំពីចំណងទាក់ទង​ទ្វេភាគី រួមទាំង​ស្ថានការណ៍​នៅ​តំបន់​ឧបទ្វីបកូរ៉េ និងបញ្ហាក្នុងតំបន់ព្រមទាំងអន្តរជាតិដទៃៗទៀត។

គួរជម្រាបថា ឆ្នាំ២០១៨នេះ គឺជាគម្រប់ខួប ៧០ឆ្នាំ នៃការបង្កើត​ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ ហើយវាក៏ជាការរំលឹក​ដល់ការបង្កើត​ប្រទេសកូរ៉េខាងជើងដំបូងៗ ដែលទទួល​បានការគាំទ្រ​យ៉ាងពេញទំហឹង ពីអតីតសហភាព​សូវៀត​ផងដែរ៕