(សេអ៊ូល)៖ លទ្ធភាពដែលថា​​​​​​កិច្ចប្រជុំត្រីភាគីរវាងកូរ៉េខាងជើង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចកើតឡើងទៅបានឬអត់នោះ គឺត្រូវ​​អាស្រ័យទៅលើ​លទ្ធផលនៃជំនួបកំពូលកូរ៉េខាងជើង-អាមេរិកថា វិជ្ជមាន ឬអវិជ្ជមាន។ នេះបើតាមការ​លើកឡើង​ពីវិមានប្រធានាធិបតី​កូរ៉េខាងត្បូង Blue House ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

មន្រ្តីវិមាន Blue House មួយរូប​បានបង្ហើបប្រាប់សារព័ត៌មាន​ក្នុងស្រុកថា ​បញ្ហាថា តើកិច្ចប្រជុំត្រីភាគីអាច​នឹងត្រូវធ្វើឡើងដែរ ឬអត់នោះ ​គឺ​​ពឹងផ្អែកទៅលើ​លទ្ធផល​នៃជំនួបកំពូល​ រវាង​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និង​ប្រមុខ​ដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវបាន​កំណត់ពេល​វេលានឹង​ប្រព្រឹត្តទៅ​នាថ្ងៃទី១២ ខែមិថុនា នៅប្រទេស​សិង្ហបុរី។

គួរជម្រាបថា កិច្ចចរចា​ត្រូវគេរាយការណ៍​ថា បាននិងកំពុង​ធ្វើឡើងរវាង​ទីក្រុងព្យុងយ៉ាង​ និងទីក្រុង​វ៉ាស៊ីនតោន ដើម្បីត្រៀម​សម្រាប់ការ​បើក​កិច្ច​ប្រជុំប្រវត្តិសាស្រ្ត ជាលើកដំបូង​បំផុតរវាង​​កូរ៉េខាងជើង-អាមេរិក​​រវាងលោក ត្រាំ និងលោក គីម ហើយ​វិមាន Blue House បានបញ្ជាក់ថា កូរ៉េ​ខាងត្បូង​នឹងមិនធ្វើការរៀបចំ​ទុកជាមុន​សម្រាប់​កិច្ចប្រជុំត្រីភាគី​ឡើយ៕