(ម៉ូស្គូ)៖ កិច្ចចរចា​បានបញ្ចប់ជា​ស្ថាពរហើយ ជុំវិញការផ្គត់ផ្គង់​ពីប្រទេសរុស្ស៊ី​ទៅឲ្យប្រទេស​ឥណ្ឌា នូវប្រព័ន្ធខែលការពារមីស៊ីលដែន​អាកាស S-400 គិតជាទឹកប្រាក់​សរុបប្រមាណ ៥.៩៣ពាន់​លានដុល្លារ។ នេះបើតាម​សេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ដកស្រង់​ខ្លឹមសារដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ពុធ ទី៣០ ខែឧសភា​ ឆ្នាំ២០១៨។

ប្រភពព័ត៌មាន​ខាងលើបាន​បញ្ជាក់ថា នាពេលនេះ​ភាគីទាំងពីរកំពុងរួមគ្នា​ខិតខំរិះរកវិធី​យ៉ាងណា ដើម្បីឆ្លងកាត់ទណ្ឌកម្ម​​របស់អាមេរិក​ដែល​ប្រឆាំងនឹង​ប្រទេសក៏ដូចជា​ក្រុមហ៊ុនទាំង​ឡាយ ដែលមានកិច្ច​សហប្រតិបត្តិការ​ជាមួយរុស្ស៊ី។ ​ដោយឡែក​សេចក្តីប្រកាស​ជាផ្លូវការពី​ការ​សម្រេចជាស្ថាពរ​នូវ​កិច្ចព្រមព្រៀង​​​ទិញ-លក់សព្វាវុធនេះ ប្រហែលជា​ត្រូវធ្វើឡើង នៅ​មុនជំនួបរវាង​​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងនាយករដ្ឋ​មន្រ្តីលោក ណារិនដ្រា ម៉ូឌី នៅ​ខែតុលា ឆ្នាំនេះ។

គួរជម្រាបថា ប្រព័ន្ធ​មីស៊ីល S-400 ត្រូវគេចាត់ទុកថា គឺជាប្រភេទ​សព្វាវុធប្រើសម្រាប់​ការពារដែនអាកាស​ដ៏ទំនើបបំផុត នៅក្នុងប្រទេស​រុស្ស៊ី ដែលមាន​រយៈចម្ងាយការពារ​ប្រវែង ៤០០គីឡូម៉ែត្រ និង​កម្ពស់ ៣០គីឡូម៉ែត្រ៕