(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការ​បរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នឹងធ្វើទស្សនកិច្ច​ទៅកាន់ប្រទេស​កូរ៉េខាងជើង ​​នាថ្ងៃព្រហស្បតិ៍​ស្អែកនេះ មុនជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវប្រារព្ធឡើង​នៅ​សិង្ហបុរី។ នេះបើ​សេចក្តី​ប្រកាស​របស់​ក្រសួងការ​បរទេស​រុស្ស៊ី ដកស្រង់ខ្លឹមសារ​ដោយសារព័ត៌មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

ក្រសួងការ​បរទេសរុស្ស៊ី បានឲ្យដឹងនៅ​ក្នុងសេចក្តីប្រកាស​ព័ត៌មានខាងលើថា «កិច្ចពិភាក្សា​រវាង​​ប្រមុខដឹកនាំ​ នៃក្រសួងការបរទេស​​របស់​ប្រទេសទាំងពីរ គឺត្រូវបាន​គ្រោងត្រៀម​ឡើងទុក​ជាមុន ហើយក្នុងអំឡុង​ដំណើរបំពេញ​ទស្សនកិច្ចនេះ បញ្ហាមួយ​ចំនួនស្តីពីរបៀប​វារៈទ្វេភាគី​ត្រូវបានគេរំពឹងថា នឹងត្រូវ​លើក​យកមក​ពិគ្រោះ​ពិភាក្សា រួមជាមួយនិង​ការផ្លាស់ប្តូរ​ទស្សនៈគ្នា​ ជុំវិញស្ថានការណ៍​នៅឧបទ្វីបកូរ៉េ និង​បញ្ហា​អន្តរ​ជាតិ​និង​បញ្ហា​ក្នុង​​តំបន់​​​សំខាន់ៗ​ដទៃ​ទៀត»

គួរជម្រាបថា ដំណើរទស្សនកិច្ច​របស់ប្រមុខការទូត​​នៃប្រទេសរុស្ស៊ី ដែល​ជាខ្នង​បង្អែក​ដ៏ធំមួយ​របស់កូរ៉េខាងជើង​បន្ទាប់ពីចិននោះ បានកើត​មានឡើង​ចំពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង កំពុងដុតដៃដុតជើង​ត្រៀមរៀបចំ​កិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្រ្តនា​ខែក្រោយ​នេះ រវាងប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯប្រទេស​សិង្ហបុរី៕