(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋ Missouri របស់​សហរដ្ឋអាមេរិក លោក អ៊ីរិច ហ្គ្រៃធិនស៍ (Eric Greitens) បានសម្រេច​លាលែង​ពីតំណែង នៅចំពោះមុខ​សម្ពាធនៃ​ការស៊ើបអង្កេត​ដែលកាន់​តែរីកធំ​ទៅៗ ជុំវិញរឿង​អាស្រូវផ្លូវភេទ​ពាក់ព័ន្ធនឹង​រូបលោក ព្រមទាំងការ​សង្ស័យទាក់ទិន​នឹងការបំពាន​ទៅលើ ​ការប្រមូល​មូលនិធិក្នុងយុទ្ធនាការ​រកសំឡេង​គាំទ្រ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ ទីភ្នាក់ងារ​ព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ ដែលរៀបចំឡើង​យ៉ាងតក់​ក្រហល់ លោក Greitens បាននិយាយ​យ៉ាងដូច្នេះថា «ពេលនេះខ្ញុំ​សូមធ្វើសេចក្តី​​ប្រកាសថា រូបខ្ញុំ​នឹងចុះ​ចេញ​ពីតំណែង​​ជាអភិបាល​នៃរដ្ឋ Missouri នៅ​ល្ងាច​ថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលា​នៅ​សហរដ្ឋអាមេរិក)។ ​ពីដំបូង​ឡើយ​លោក Greitens ធ្លាប់បាន​អះអាងថា រូបលោកនឹង​មិនលាលែងចេញពី​តួនាទីឡើយ ទោះបីជា​មានការចោទប្រកាន់​មិនផ្លូវការ​បែប​ណា​​ក៏ដោយ ប៉ុន្តែ​បច្ចុប្បន្ន រូបលោក​កំពុងប្រឈមនឹង​ការត្រូវដកចេញ​ពីតំណែង។

គួរជម្រាបថា អភិបាលរដ្ឋ Missouri វ័យ ៤៤ឆ្នាំរូបនេះ ត្រូវបានគេ​ចោទប្រកាន់ថា ពីបទថត​និងចែករំលែករូបភាព​អាក្រាតកាយ​របស់​ស្រ្តី​ម្នាក់ ដែលលោក​មានសម្ព័ន្ធស្នេហា​ជាមួយ ដោយពុំមាន​សិទ្ធិអនុញ្ញាត​ពីភាគី​ម្ខាងទៀត។ កាលពីថ្ងៃមេសា​កន្លងទៅនេះ លោក Greitens ក៏ត្រូវ​បាន​គេចោទផងដែរថា បានយកបញ្ចី​ឈ្មោះនៃអ្នកបរិច្ចាគ​ក្នុងកម្មវិធី​សប្បុរសធម៌​ សម្រាប់អតីត​យុទ្ធជនអាមេរិក ទៅប្រើប្រាស់​ដើម្បីរៃអង្គាស​ប្រាក់​ សម្រាប់យុទ្ធនាការ​រកសំឡេងគាំទ្រ​កាលពី​ឆ្នាំ២០១៦៕