(បរទេស)៖ របាយការណ៍ថ្មីមួយចេញ​ផ្សាយដោយ ​គណកម្មការត្រីបាឡែន​អន្តរជាតិ (IWC) បានឱ្យដឹងថា ក្នុងចំណោម​ត្រីបាឡែន ៣៣៣ក្បាល ដែលត្រូវបាន​គេសម្លាប់​ក្នុងឆ្នាំ២០១៧ ក្រោមក្រប​ខណ្ឌ នៃកម្មវិធី​វិទ្យាសាស្ត្រ​ត្រីបានឡែនរបស់​ជប៉ុន ១២២ក្បាល ជាត្រីមានកូនក្នុងពោះ និង ១១៤ក្បាល​មានវ័យ​ជំទង់។ នេះបើតាម​ការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

បន្ថែមពីលើនេះ របាយការណ៍​ដដែល ក៏បានឱ្យដឹងដែរថា ត្រីបាឡែន ១១ក្បាល អាចរត់គេចខ្លួន​ពីក្រុមអ្នក​ស្រាវជ្រាវ ដោយសម្ងំលាក់​ខ្លួននៅក្នុងទឹកមាន​ជម្រៅ និងសម្ពាធ​ខ្ពស់។ កម្មវិធីវិទ្យាសាស្ត្រ​ត្រីបានឡែនរបស់​ជប៉ុន​ឈ្មោះថា NEWREP-A ធ្វើឡើង​ជារៀងរាល់​ឆ្នាំ​​ក្នុងរយៈពេល ៨៣ថ្ងៃ នៃការប្រមាញ់ត្រីបាឡែន​នៅតំបន់មហា​សមុទ្រជាប់ទ្វីបអង់តាក់ទិក​ប៉ូលខាងត្បូង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Conversation កម្មវិធី NEWREP-A ឬគេស្គាល់ថា កម្មវិធីវិទ្យាសាស្ត្រ​ស្រាវជ្រាវត្រីបាឡែន​នៅឯ​មហាសមុទ្រ​អង់តាក់ទិច ត្រូវបានបង្កើត​ឡើងកាលពី​ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីជំនួស​កម្មវិធីចាស់របស់​ជប៉ុនឈ្មោះ JARPA II ដែល​ត្រូវបាន គណកម្មការត្រីបាឡែន​អន្តរជាតិ (IWC) ចាត់ទុកថា ផ្ទុយទៅនឹងច្បាប់​រួមទាំងប​ទបញ្ញតិ​នេសាទ​ត្រីបាឡែន៕