(ញូយ៉ក)៖ សហរដ្ឋអាមេរិក​បានស្នើឱ្យបើក​កិច្ចប្រជុំក្រុម​ប្រឹក្សាសន្តិសុខ​ នៃអង្គការ​សហប្រជាជាតិ​ជាបន្ទាន់ នៅល្ងាច​ថ្ងៃពុធនេះ (ម៉ោង​នៅក្នុងទីក្រុង​ញូយ៉ក) ដើម្បីពិភាក្សា​គ្នាជុំវិញការវាយប្រហារប្រឆាំងអ៊ីស្រាអែល​នាពេល​ថ្មីៗនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅ​ព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីប្រកាស​ព័ត៌មានចេញផ្សាយ​កាលពី​ថ្ងៃអង្គារ បេសកកម្មទូត​អាមេរិកប្រចំា UN បានលើក​ឡើងយ៉ាងដូច្នេះថា «នៅល្ងាចនេះសហរដ្ឋអាមេរិក​បានស្នើឱ្យបើក​កិច្ចប្រជុំក្រុម​ប្រឹក្សាសន្តិសុខ​ជាបន្ទាន់ ដើម្បីពិភាក្សា​ជុំវិញការវាយប្រហារ​ប្រឆាំងនឹង​អ៊ីស្រាអែល ចេញពី​តំបន់ Gaza Strip ដោយក្រុម​ហាម៉ាស់ និងក្រុម​សកម្មប្រយុទ្ធ​ដទៃទៀត។​ យើងសង្ឃឹមថា កិច្ចប្រជុំនេះ​នឹងត្រូវធ្វើ​ឡើងនៅ​ល្ងាចថ្ងៃពុធ​ស្អែកនេះ»

ការកោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាបន្ទាន់របស់​សហរដ្ឋអាមេរិក កើតមានឡើង​បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា គ្រាប់រ៉ុក្កែត ២៨គ្រាប់​ ត្រូវបានគេបាញ់​ចេញពី​តំបន់ Gaza Strip កាលពីថ្ងៃអង្គារ​ចូលក្នុងទឹកដី​អ៊ីស្រាអែល ដោយបណ្ដាល​ឱ្យមនុស្ស ០៥នាក់រង​របួស។ ចំណែកឯ​សារព័ត៌មាន Times of Israel បានអះអាងថា ក្រុមហាម៉ាស់​ប៉ាឡេស្ទីន គឺជាអ្នកនៅពី​ក្រោយការវាយប្រហារ​នេះ ហើយការឆ្លើយតប​កងកម្លាំងទ័ព​អាកាស​អ៊ីស្រាអែល បានដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស​ លើគោលដៅ​ចំនួន ៣០ របស់​ក្រុមហាម៉ាស់​នៅឯភាគខាងត្បូងតំបន់​ហ្គាហ្សា។

គួរបញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន​ធ្លាប់បាន​ជំទាស់ជារឿយៗ​ នឹង​សំណើ​កោះប្រជុំក្រុម​ប្រឹក្សា​សន្ដិសុខអង្គការ​សហប្រជាជាតិ ជុំវិញការ​បាញ់សម្លាប់​ជនជាតិ​ប៉ាឡស្ទីន​ ដោយទាហាន​អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN ក៏បានធ្លាប់​បានព្រមាន​ដែរថា ប្រទេស ឬក៏អ្នកណា​ដែលហ៊ានរករឿង​អ៊ីស្រាអែល គឺមានន័យ​ស្មើនឹងរករឿង​ជាមួយ​សហរដ្ឋអាមេរិក៕