(តេហេរ៉ង់)៖ ក្រសួងការបរទេស​នៃប្រទេសអ៊ីរ៉ង់ បានចេញមុខថ្កោលទោសពេញមួយ​ទំហឹង និងបង្ហាញក្តីខឹងសម្បារយ៉ាងខ្លាំងផងដែរ ចំពោះសហរដ្ឋអាមេរិក ក្រោយពី​តុលាការនៃប្រទេសមហាអំណាចមួយនេះ បានធ្វើការកាត់សេចក្តី ដោយដាក់​ប្រទេស​អ៊ីរ៉ង់ទៅក្នុងការពាក់ព័ន្ធនៃព្រឹត្តិការណ៍មហាភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាសោកនាដកម្មធំធេងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួង​ការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានថ្លែង​​បញ្ជាក់​ច្បាស់ៗយ៉ាង​ដូច្នេះថា «ទីក្រុងតេហេរ៉ង់​សូមទាត់ចោល​ទាំងស្រុង នូវការចេញ​សាលក្រម​ពីបរទេស​បែបនេះ ដែលជាសាលក្រម​ខុសច្បាប់»។ រដ្ឋាភិបាល​​អ៊ីរ៉ង់​ក៏បាន​បង្កើតយុទ្ធនាការទ្រង់ទ្រាយធំ នៅតាម​កញ្ចក់ទូរទស្សន៍រដ្ឋទាំងអស់ ដើម្បីសម្តែងការជំទាស់ និងថ្កោលទោស​ការសម្រេច​​របស់តុលាការ​អាមេរិកនោះ​ផងដែរ។

គួរបញ្ជាក់ថា កាលពីដើម​ខែឧសភា តុលាការទីក្រុង​ញូយ៉ក នៃ​សហរដ្ឋអាមេរិក បានចេញដីកា​បង្គាប់ឲ្យអ៊ីរ៉ង់ ធ្វើការសងជំងឺចិត្ត​ជាទឹកប្រាក់​ជាង ៦ពាន់លានដុល្លារ​អាមេរិក ទៅដល់ក្រុម​គ្រួសារជនរងគ្រោះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាថ្ងៃក្រុមភេរវករ​​បានបញ្ជា​យន្តហោះ​ ទៅ​បុកអគារភ្លោះពាណិជ្ជកម្ម​ពិភពលោក កណ្តាលទីក្រុង​មួយនេះ បានបណ្តាលឲ្យបាក់រលំ និងសង្កត់មនុស្សស្លាប់ ២,៩៩៦នាក់។

អាមេរិក​អះអាងថា ខ្លួនមានភស្តុតាង​បញ្ជាក់ថា អ៊ីរ៉ង់ពិតជាបានជាប់ពាក់ព័ន្ធរឿង​នេះ ប៉ុន្តែអ៊ីរ៉ង់អះអាង​តបវិញថា តុលាការអាមេរិក​ធ្វើការ​សម្រេចចិត្ត ដោយគ្មាន​ភស្តុតាងអ្វី​ជាដុំកុំភួននោះ​ឡើយ។ អ៊ីរ៉ង់ថែមទាំង​ព្រលយមួយឃ្លា​ទៀតថា ភេរវករ​ដែលបានរៀបចំ​មហាភេរវកម្ម​ខាងលើនេះ គឺមានប្រភពមក​ពីប្រទេសសម្ព័ន្ធអាមេរិក (អារ៉ាប៊ីសាអូឌីត) ខ្លួនឯងហ្នឹងហើយ៕