(សិង្ហបុរី)៖ លោក គីម ចាងសុន (Kim Chang Son) មន្រ្តីជាន់ខ្ពស់​នៃគណៈកម្មការ​កិច្ចការរដ្ឋ​ នៃសាធារណរដ្ឋប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងមេដឹកនាំ​គណៈប្រតិភូផ្លូវការ​របស់កូរ៉េខាងជើង​ បានបង្ហាញខ្លួន​នៅសិង្ហបុរីនៅថ្ងៃអង្គារនេះ និងបានជួបប្រជុំគ្នា​រួចហើយ ជាមួយមន្ត្រី​តំណាង​អាមេរិក។ នេះបើតាមការ​ចេញផ្សាយពីសារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី ២៩ ខែឧសភា ២០១៨។

អ្នកថតរូប​របស់សារព័ត៌មាន ស៊ីនហួរ បានមើល​ឃើញលោក គីម ចាងសុន ចេញពីសណ្ឋាគារ ហ្វូលឺតុន (Fullerton) របស់ប្រទេស​សិង្ហបុរី និងបានធ្វើដំណើរ​ក្នុងរថយន្ត​ពណ៌ខ្មៅ Mercedes Benz ដ៏ប្រណិតមួយគ្រឿងផងដែរ។

រីឯសមាជិក គណៈប្រតិភូផ្សេងទៀត​ បានចេញដំណើរ​ពីសណ្ឋាគារក្នុងរថយន្ដ​តូចពណ៌ស​មួយ។ មន្ត្រីនៃ​សហរដ្ឋអាមេរិក​ និងកូរ៉េខាងជើងបានជួបគ្នា​នៅសិង្ហបុរី​នៅថ្ងៃអង្គារនេះ ដោយ​គណៈប្រតិភូអាមេរិក​ ត្រូវបានដឹកនាំដោយលោក ចូសិព ហាជីន (Joseph Hagin) មន្ត្រីជាន់ខ្ពស់ នៃសេតវិមាន។

គួរបញ្ជាក់ថា មន្រ្តីដែលមក​ពីភាគីទាំងពីរ​ត្រូវបានគេរាយការណ៍​ថា បានពិភាក្សាអំពីបញ្ហា​សន្តិសុខ និងពិធីការ​សម្រាប់កិច្ចប្រជុំ​កំពូល​ នៃមេដឹកនាំ​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោង​ធ្វើឡើង​នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ៕