(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​អាចនឹងបញ្ឈប់​ការ​លក់យន្ដហោះដ្រូន​ប្រយុទ្ធឱ្យប្រទេស​ឥណ្ឌា ដោយសារតែ​ទីក្រុងញូដេលី បញ្ជា​ទិញប្រព័ន្ធ​មីស៊ីលការពារ​ដែន​អាកាស S-400 ពីរុស្ស៊ី។ នេះបើ​តាមតំណាង​រាស្ត្រ​អាមេរិក លោក ម៉ាក ថនប៊ែររី (Mac Thornberry) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

លោក Mac Thornberry ធ្វើការកត់សម្គាល់​បែបនេះ​ នៅក្នុងបទសម្ភាសន៍​ជាមួយសា្ថនីយ​ទូរទស្សន៍​ឥណ្ឌា NDTV នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។ យោងតាម​តំណាងរាស្ត្រអាមេរិក​រូបនេះ ការទិញ S-400 របស់​ឥណ្ឌា អាចនឹងធ្វើឱ្យប៉ះពាល់​បែបអវិជ្ជមាន​ដល់កិច្ចសហ ប្រតិបត្តិការ​យោធាជាមួយ​សហរដ្ឋអាមេរិក។

លោក Thornberry គូសបញ្ជាក់​យ៉ាងដូច្នេះថា «ខ្ញុំមាន​ការព្រួយបារម្ភថា ការទិញ S-400 នឹង មានតែដាក់​កម្រិតលើកិច្ចសហប្រតិបត្តិការ​គ្នារវាង​ទីក្រុង​ញូដេលី និងទីក្រុងវ៉ាស៊ីនតោន​តែប៉ុណ្ណោះ ហើយវា​ក៏អាចនឹងធ្វើឱ្យ​ប៉ះពាល់ ដល់ទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ នៅពេល​អនាគត​ផងដែរ»

ជាមួយគ្នានោះដែរ បើតាមសា្ថនីយ​ទូរទស្សន៍​ឥណ្ឌា NDTV សហរដ្ឋអាមេរិក​នឹងបញ្ឈប់ការលក់យន្ដហោះ​ដ្រូន​ប្រយុទ្ធ Predator C Avenger ឱ្យឥណ្ឌា​ដែលបានបញ្ជា​ទិញ​ចន្លោះពី ៨០ ទៅ ១០០គ្រឿង ក្នុងតម្លៃ​ជាង ០៨ពាន់លានដុល្លារ ក្នុងគោល​បំណង​យកទៅ ប្រើប្រាស់ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ពួកសកម្មប្រយុទ្ធ នៅតំបន់ជាប់​ព្រំដែនជាមួយ​ប៉ាគីស្ថាន។ មួយវិញ​ទៀត លោក Mac Thornberry ក៏បានសន្និដ្ឋាន​ដែរថា សហរដ្ឋអាមេរិក​អាចនឹងអនុម័ត​ទណ្ឌកម្ម​ជាច្រើន ប្រឆាំងនឹង​ទីក្រុងញូដេលី សម្រាប់ការ​ធ្វើកិច្ច​សហប្រតិបត្តិការ ជាមួយរុស្ស៊ី​ក្នុងវិស័យ​យោធា។

គួរបញ្ជាក់ថា ឥណ្ឌាគឺជា​ប្រទេសមួយក្នុងចំណោម​ប្រទេស​ ដែលនាំចូលអាវុធធំជាង​គេបំផុតនៅលើ​ពិភពលោក ហើយ​ភាគច្រើន មហាអំណាច​មួយនេះ​ទិញអាវុធពី​សហរដ្ឋអាមេរិក រុស្ស៊ី អ៊ីស្រាអែល និង​បារាំង៕