(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃ បានដណ្ដើមកៅអីកំពូលតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ត្រឡប់មកវិញហើយ ក្រោយដំណើរការ ការប្រកួតអស់រយៈពេល ៤ថ្ងៃ ដោយដណ្ដើមបានមេដាយច្រើនជាងគេ បើគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្របពេលកីឡា ៥ប្រភេទបានបញ្ចប់ការប្រកួតទាំងស្រុង រួមមានកីឡាហែលទឹក, យូដូ, កីឡាចំបាប់, វ៉ូវីណាម និងកីឡាវាយកូនបាល់។

ចំពោះអត្តពលិកកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃបើកឆាកដំបូង បានឈរកំពូលតារាងមេដាយម្ដងរួចមកហើយ មុនត្រូវក្រុមរាជធានីភ្នំពេញ ផ្ដួលឲ្យធ្លាក់មក ឈរលេខ២ ចំនួន ២ថ្ងៃ ។ លទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយសរុប ៤៤គ្រឿងមានមេដាយមាស ២២, ប្រាក់ ១១ និងសំរឹទ្ធ ១១ ហើយតាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយក្រុមអត្តពលិករាជធានីភ្នំពេញ ដោយពួកគេដណ្ដើមបានមេដាយសរុប ៤៩គ្រឿងមានមេដាយមាស ២០, ប្រាក់ ១៧ និងសំរឹទ្ធ ១២ ។

ដោយឡែកអត្តពលិកតំណាងខេត្តចំនួន ២២ផ្សេងទៀត កំពុងដណ្ដើមបានមេដាយជាបន្ដបន្ទាប់ លើកលែងតែអត្តពលិក ៤ខេត្តប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ជាតិមេដាយនឹងគេ រួមមានខេត្តប៉ៃលិន, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។ តែយ៉ាងណាឱកាសស្វែងរកមេដាយ នៅមិនទាន់អស់នោះទេ ព្រោះការប្រកួតសល់រយៈពេល ៧ថ្ងៃទៀត ទើបបញ្ចប់ ពោលគឺក្រោយបញ្ចប់ការប្រកួត ៥ប្រភេទកីឡាខាងលើ នៅសល់កីឡា ២២ប្រភេទទៀត នឹងបន្ដការប្រកួតរហូតថ្ងៃបិទ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ៕

ខាងក្រោមនេះ គឺជាតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ដោយគិតត្រឹមល្ងាចថ្ងៃទី២៨ ខែឧសភា៖