(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ បានបង្ហើរសារ​មួយឃ្លាថា «ការរំសាយ​ចោល​នូវទីតាំងធ្វើតេស្ត​នុយក្លេអ៊ែរ ភុងគ្យេរី (Punggye Ri) កាលពី​សប្តាហ៍មុននេះ គឺបង្ហាញអំពី​ឆន្ទៈរបស់ទីក្រុង​ព្យុងយ៉ាង ក្នុងការបង្កើត​ពិភពលោកដែល​គ្មានអាវុធ​នុយក្លេអ៊ែរ»។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពី​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង រ៉ូដុង ស៊ីមុន (Rodong Sinmun) នៅល្ងាច​ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

សារព័ត៌មាន​ខាងលើនេះ​ ថែមទាំងបាន​បញ្ជាក់ទៀតថា ការបោះជំហាន​ប្រកបដោយ​ភាពវិជ្ជមាន​របស់​កូរ៉េខាងជើង នោះគឺការរំសាយ​ចោលនូវទីតាំងធ្វើតេស្ត​នុយក្លេអ៊ែរ ស្ថិតនៅភាគ​ឦសាន​ប្រទេស គឺទទួលបាន​នូវការឆ្លើយតប​ប្រកបដោយភាព​ល្អប្រសើរ​យ៉ាងខ្លាំង​ពី​អន្តរជាតិ។ បន្ថែមពីនេះ ការអញ្ជើញ​បណ្តាអ្នក​សារព័ត៌មាន​បរទេស ឲ្យមកពិនិត្យ​ភាពជាក់ស្តែង នៃការរំលាយ​ទីតាំង Punggye Ri នោះវា​គឺចេតនា​របស់​កូរ៉េខាងជើង ក្នុងការបង្កើត​តម្លាភាពបន្ថែម​ទៀត ទៅដល់​ក្រសែភ្នែកសកលលោក។

គួរបញ្ជាក់ថា កាលពី​ថ្ងៃសៅរ៍សប្តាហ៍​មុននេះ ប្រទេសកូរ៉េខាងជើង​បានប្រកាស​ទាំង​ស្រុង នូវការរំសាយ​ទីតាំងធ្វើតេស្ត​នុយក្លេអ៊ែរ ធំបំផុតនៅក្នុង​ប្រទេសរបស់ខ្លួន​ជាផ្លូវការ​តែម្តង ដោយមាន​អ្នកសារព័ត៌មាន​ល្បីៗរបស់​អន្តរជាតិមកពីអឺរ៉ុប អាស៊ី និង​អាមេរិក បាន​ចូលរួម​ផ្តិតយក​ទិដ្ឋភាព​ទាំងមូល។ កាយវិការនេះ ក៏ជាការទាក់​ទាញឲ្យប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ ព្រមបើក​កិច្ចពិភាក្សាកំពូលជា​មួយ​លោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ឡើងវិញ​ផងដែរ ក្រោយពីបានធ្វើ​ការលុបចោល​នៅថ្ងៃដដែល​នោះ៕