(ដូហា)៖ រដ្ឋាភិបាល​កាតា បានសម្រេចចិត្ត​ហាមឃាត់​ការចូលផលិតផល​ជាច្រើន ដែលមានប្រភព​មកពីប្រទេស​អេមីរ៉ាត់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន និងអេហ្ស៊ីប តែជិតមួយឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពីប្រទេស​ទាំងបួននេះ​ ដាក់បម្រាមនាំចេញ​ទៅកាន់​ទីក្រុង​ដូហា។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន រដ្ឋាភិបាលកាតា​បានឱ្យដឹង​យ៉ាងដូច្នេះថា «ផលិតផលមានប្រភពមកពី​បណ្ដាប្រទេស​ជាប់បម្រាមការ ចូលនំា ដែលមិនអាច​ឆ្លងកាត់ដែនដី​គយ នៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ​ក្នុងឈូងសមុទ្រ​ហ្គូល នឹងត្រូវបានស្ថិត​ក្រោមការ​ត្រួតពិនិត្យ និងធ្វើអធិការកិច្ច​យ៉ាងត្រឹមត្រូវ និងទៅតាម​នីតិវិធីគយ។ បន្ថែមពីលើនេះ កាតានឹង​អនុវត្តន៍​គោលនយោបាយ​ពាណិជ្ជកម្ម​របស់ខ្លួន ស្របទៅនឹង​រាល់កិច្ចព្រមព្រៀង​ពហុភាគី និងទ្វេភាគី»

គួររំលឹកថា កាលពី​ខែមិថុនា ឆ្នាំ២០១៧ អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត អារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយកាតា ដោយចោទថា ទីក្រុងដូហា គំាទ្រក្រុម​ភេរវករ​នៅក្នុងតំបន់។ ប៉ុន្តែ បើទោះជាកាតា​បានបដិសេធជាច្រើនដង​ក៏ដោយ ក៏ប្រទេស​ទាំង​បួននេះ នៅតែ​សម្រេចចិត្តបិទការ​នាំចេញទំនិញ​សំខាន់​ជាច្រើន ​ទៅកាន់ទីក្រុង​ដូហា៕