(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​ត្រូវបាន​គេរាយកការណ៍ថា បានធ្វើដំណើរទៅ​ដល់ទីក្រុង​ប៉េកាំង​ហើយ​នៅថ្ងៃចន្ទនេះ ដែល​ទំនងជាធ្វើឡើង​ក្នុងដំណើររបស់លោក​ ឆ្ពោះទៅកាន់​ប្រទេស​សិង្ហបុរី ដើម្បីតៀមរៀបចំ​ជំនួបកំពូលរវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ខណៈលោក ដូណាល់ ត្រាំ វិញក៏ទើប​បញ្ជូនក្រុមមន្ត្រី​អាមេរិក​​ទៅកាន់​ទីក្រុងព្យុងយ៉ាង​ផងដែរ ស្ថិតក្នុង​គោលដៅ​ដូចគ្នា។ នេះបើតាមការ​​​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

យ៉ុនហាប់ ផ្អែកលើប្រភព​ពីមន្ត្រីទូត​ជាច្រើននាក់​បានឱ្យដឹង​ទៀតថា មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​រូបនេះ កំពុងដឹកនាំ​ប្រតិភូ​ពិភាក្សាពី ការធ្វើដំណើរ និងបញ្ហា​សន្តិសុខ​ទាក់ទិងនឹងការរៀបចំជំនួប​រវាងលោក គីម និងលោក ត្រាំ ដែលត្រូវ​បានគេរំពឹងថា នឹងត្រូវប្រព្រឹត្ត​ទៅនៅក្នុងប្រទេស​សិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ខាងមុខ​នេះ។ តែយ៉ាងណា​ក៏ដោយ គេមិនទាន់ដឹង​នៅឡើយទេថា មន្ត្រីជាន់​ខ្ពស់​រូបនោះ​ជានរណា។

គួរបញ្ជាក់ថា ក្រុមមន្ត្រី​អាមេរិក​ដឹកនាំដោយ​លោក ចូ ហាជីន (Joe Hagin) ជាអនុអគ្គលេខាធិការ​សេតវិមាន​​សម្រាប់កិច្ចប្រតិបត្តិការ ក៏ត្រូវបានគេរាយការណ៍​ផងដែរថា កំពុងធ្វើដំណើរទៅ​កាន់ប្រទេស​សិង្ហបុរី ក្នុងគោលបំណង​ពិគ្រោះយោបល់​ លើការរៀបចំ​ជំនួបជាមួយ​កូរ៉េខាងជើង៕