(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់ថា មន្រ្តីអាមេរិក​មួយក្រុម បានទៅដល់​​ប្រទេស​កូរ៉េខាងជើង​ហើយ​ ដើម្បីពិភាក្សា​អំពីការរៀបចំ​ នៃកិច្ចប្រជុំកំពូល​រវាងរូប​លោក ហើយនិង​​លោក គីម ជុងអ៊ុន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​ ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

ការបញ្ជាក់ខាង​លើពីនេះ​ពីលោក ដូណាល់ ត្រាំ ត្រូវបានធ្វើ​ឡើង បន្ទាប់ពី​សារព័ត៌មាន Washington Post បាន​ចុះផ្សាយថា អតីតឯកអគ្គ​រដ្ឋ​ទូត​អាមេរិកប្រចាំ​កូរ៉េខាងត្បូង លោក សាំង គីម (Sung Kim) បានធ្វើដំណើរឆ្លងចូលទៅកាន់​ទឹកដី​កូរ៉េខាងជើង ដើម្បី​ពិភាក្សាអំពី​ការរៀបចំ ត្រួសត្រាយផ្លូវសម្រាប់​​​​ជំនួប​កំពូល​អាមេរិក-កូរ៉េខាងជើង ជាមួយអនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui)។

គួរជម្រាបថា បើតាម​កាសែត Washington ដែលបានដកស្រង់​សម្តីរបស់អ្នកនាំ​ពាក្យក្រសួងការបរទេស​អាមេរិក ជំនួបខាងលើនេះ នឹង​បន្ត​ប្រព្រឹត្ត​ទៅដល់ថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ​ នៅឯភាគ​ខាងជើង ពោលគឺទឹកដី​របស់កូរ៉េខាងជើង នៅតំបន់គ្មាន​យោធា ភូមិ Panmonjum ជាទីដែលមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នា​ជាលើកទីពីរ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។

គួររំលឹក​ផងដែរថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលមាន​ចិត្តក្តៅ ធ្លាប់​បានប្រកាសលុបចោល​ជំនួបជាប្រវត្តិសាស្រ្តនេះ​​​ម្តង​រួចទៅហើយ កាលពីសប្តាហ៍មុន ដោយលើក​ហេតុផល​ថា កូរ៉េខាងជើង​បានធ្វើសេចក្តី​ថ្លែងការណ​​បញ្ចេញកំហឹង​ និងមានចេតនា​បង្ក​រឿង​ដោយ​ចំហ ប៉ុន្តែក៏​ក្រោយ​មកបាន​ប្រែទៅជា​និយាយថា កិច្ចប្រជុំនេះនឹង​កើតឡើងដូចដើម​ដដែលវិញ ខណៈ​ទីក្រុង​ព្យុងយ៉ាង បានបង្ហាញ​ឆន្ទៈ​នៅតែចង់អង្គុយចរចា​ជាមួយទីក្រុង​វ៉ាស៊ីនតោន៕