(សេអ៊ូល)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានឲ្យដឹងនា​ថ្ងៃចន្ទនេះថា ខ្លួនបានត្រៀម​លក្ខណៈរួចជា​ស្រេច ដើម្បីបើកកិច្ច​ពិភាក្សាជុំវិញ​បញ្ហាយោធា​ជាមួយ​កូរ៉េខាងជើង នៅពេលណា​មួយក៏បាន។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​លោកស្រី ឆយ យុនស៊ូ (Choi Hyun-soo) បានប្រកាសថា ក្រសួងបានត្រៀម​ខ្លួនជាស្រេច​ដើម្បីបើក​កិច្ច​ប្រជុំ​ជាន់ខ្ពស់​អន្តរកូរ៉េ ជុំ​វិញបញ្ហាយោធា​នៃប្រទេស​ទាំងពីរ នៅគ្រប់ពេល​ទាំងអស់ បើមានការ​ព្រមព្រៀង​គ្នា។ លោកស្រី Choi បានបន្ថែម​ទៀត​ថា កិច្ចពិភាក្សា​អំពីបញ្ហាយោធា​រវាង​មន្រ្តីយោធា​ជាន់ខ្ពស់​​​មកពីកូរ៉េទាំងពីរ នឹងត្រូវជម្រុញ​ឲ្យផុសផុល​ឡើងថែម​ទៀត នៅក្រោយ​កិច្ច​ពិភាក្សា​អន្តរ​កូរ៉េកម្រិតខ្ពស់ ដែលត្រូវបាន​រៀបចំនឹងធ្វើ​ឡើងនា​ថ្ងៃទី០១​ ខែមិថុនា។

គួរជម្រាបថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបមុខគ្នា​ជាលើកទីពីរ​​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅនេះ នៅអគារ​របស់​កូរ៉េខាងជើង​ក្នុងភូមិ Panmunjom ដែលជាតំបន់​ខណ្ឌចែក​ឧបទ្វីបកូរ៉េ។ លោក មូន និងលោក គីម បានឯកភាពគ្នា​ក្នុងការបន្តបើកកិច្ច​ពិភាក្សាអន្តរកូរ៉េ​កម្រិតខ្ពស់​ឡើងវិញ ដែលទីក្រុង​ព្យុងយ៉ាង បានផ្អាក​ដោយសារតែ​ការធ្វើសមយុទ្ធ​យោធាផ្លូវអាកាស​កូរ៉េខាងត្បូង-អាមេរិក។

បន្ទាប់ពីនេះ ​កិច្ចប្រជុំអន្តរកូរ៉េជាន់​ខ្ពស់ស្តីពីបញ្ហា​យោធា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងកិច្ចប្រជុំមួយ​ទៀត​ ស្តីពី​ការជួបជុំគ្នាឡើងវិញ​នៃ​ក្រុមគ្រួសារ​ដែលបានបែកបាក់គ្នា កាលពីសម័យ​សង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ក៏ត្រូវបាន​គ្រោងនឹងប្រព្រឹត្ត​ទៅផងដែរ៕