(តេហេរ៉ង់)៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក ម៉ូហាំមេដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា អន្តរជាតិបាន​ព្រមព្រៀងគ្នានឹងជួយ​សង្រ្គោះ​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ឆ្នាំ២០១៥ ពីការបំផិ្លចបំផ្លាញដោយសហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

យោងតាម លោក Zarif សហគមន៍​អន្តរជាតិបាន​បង្ហាញការគាំទ្រ​ដល់កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ កាលពី​ឆ្នាំ២០១៥ លើក​លែងតែ​អ៊ីស្រាអែល និងបណ្ដាប្រទេស​អារ៉ាប់មួយ​ចំនួន ដែលគាំទ្រ​ឱ្យទីក្រុងវ៉ាស៊ីនតោន​ ចាកចេញពី​កិច្ចព្រមព្រៀង​នេះ។ លោក Zarif បាន លើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់​ថា សហគមន៍អន្តរជាតិ​នៅតែបន្តគាំទ្រកិច្ច​ព្រមព្រៀងនេះ ខណៈលោក​ប្រធានាធិបតី ត្រាំ បាន​បរាជ័យ​ក្នុងការផ្លាស់​ប្ដូរ​លក្ខខណ្ឌ។ មិនតែ​ប៉ុណ្ណោះ យើងជឿជាក់​ដែរថា ប្រជាជាតិ​របស់យើង​ហើយទំនុកចិត្តនេះ​ឯង​ នឹងផ្ដល់​ថាមពល​ដល់ ពួកយើង​សម្រេចឱ្យបាន​នូវផលប្រយោជន៍​ជូនជាតិ នៅក្នុងកិច្ច​ព្រមព្រៀង​ដ៏លំបាក​បែប​នេះ»។​

គួរបញ្ជាក់ថា បើតាមលោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ បើសិនជា​ប្រទេសជាភាគី​ប្រាំផ្សេងទៀត​ នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (បារំាង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់) ធានា​ការពារ និងមិនធ្វើឱ្យប៉ះពាល់​ដល់ប្រយោជន៍​អ៊ីរ៉ង់ នោះទីក្រុង​តេហេរ៉ង់ នឹងបន្តប្ដេជ្ញា​ចិត្តអនុវត្តន៍​តាមកិច្ច​ព្រមព្រៀង​នេះ៕